បរទេស៖ ការិយាល័យប្រធានាធិបតី Luis Abinader បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីបរិស្ថាន នៃសាធារណរដ្ឋដូមីនីកែន លោក Orlando Jorge Mera ត្រូវបានបាញ់សម្លាប់ នៅក្នុងការិយាល័យរបស់លោក ដោយលោក Miguel Cruz ដែលជាមិត្តជិតស្និទ្ធ ដែលគាត់បានស្គាល់ តាំងពីកុមារភាព។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកធ្វើការនៅក្រសួងបានប្រាប់អ្នកយកព័ត៌មានថា ពួកគេបានឮយ៉ាងហោចណាស់សំឡេងកាំភ្លើង ៧គ្រាប់ ចេញពីការិយាល័យ។ ប៉ូលិសបានហាមមិនឲ្យចូលទៅក្នុងអគារដែលជាស្នាក់ការរបស់ក្រសួងទេសចរណ៍ផងដែរ។ ជនសង្ស័យឈ្មោះ Cruz ត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួននៅព្រះវិហារក្បែរនោះ។ មិនទាន់មានមូលហេតុនៃការសម្លាប់នេះនៅឡើយទេ ។
ការិយាល័យប្រធានាធិបតី Luis Abinader បានផ្ញើការរំលែកទុក្ខរបស់គាត់ទៅកាន់គ្រួសាររបស់លោក Jorge នៅលើ Twitter ។ ក្រុមគ្រួសារជនរងគ្រោះក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរ ដែលអានថា “គ្រួសាររបស់យើងអភ័យទោសដល់អ្នកដែលបានធ្វើរឿងនេះ” ដោយបន្ថែមថា “កេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតមួយរបស់ Orlando គឺមិនត្រូវមានកំហឹង” ៕
ប្រែសម្រួលៈ ណៃ តុលា