ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ចោទសួរអាមេរិក ដែលពង្រីកវត្តមានយោធា កាន់តែច្រើន នៅក្រិក

បរទេស៖ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបង្ហាញ ពីការសង្ស័យលើតម្រូវការ សម្រាប់សហរដ្ឋអាមេរិក ក្នុងការពង្រីកវត្តមានយោធា របស់ខ្លួន នៅក្នុងប្រទេសក្រិក ចំណែកការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនវិញ បានឱ្យដឹងថា មូលដ្ឋានទ័ពរបស់ខ្លួនគឺចាំបាច់ ដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Erdogan បាននិយាយបន្ទាប់ពីកិច្ចប្រជុំ នៅទីក្រុងអង់ការ៉ាជាមួយប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduroថា “បច្ចុប្បន្ន មូលដ្ឋានទ័ពអាមេរិកចំនួន ៩ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសក្រិក។ តើពួកគេត្រូវបានគេដាក់ពង្រាយ ប្រឆាំងនឹងនរណា? ពួកគេនិយាយថាប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែយើងនឹងមិនជឿនោះទេ” ។

សហរដ្ឋអាមេរិក បានរក្សាវត្តមានយោធា ក្នុងប្រទេសក្រិក អស់រយៈពេលជាច្រើនទសវត្សរ៍ ។ មូលដ្ឋានទ័ពជើងទឹក Souda នៅលើកោះ Crete ដែលដើមឡើយត្រូវបានបង្កើតឡើង ដោយចក្រភព Ottoman គឺជាមូលដ្ឋានតែមួយគត់នៅក្នុង សមុទ្រមេឌីទែរ៉ាណេ ដែលអាចទទួលយកនាវា ផ្ទុកយន្តហោះដ៏ធំបំផុត របស់អាមេរិក។

នៅពេលដែលកិច្ចព្រមព្រៀងការពារ ទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងក្រិក ត្រូវបានបន្តកាលពីខែមុន មន្ទីរបញ្ចកោណត្រូវបានផ្តល់សិទ្ធិ ចូលទៅកាន់ទីតាំងយោធាបន្ថែមចំនួន៣ នៅលើដីគោកក្រិក ថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា

To Top