ឡុងដ៌៖ មតិមួយពី Financial Times បានឲ្យដឹងថា រដ្ឋបាលលោក បៃដិន គួរតែពិចារណាលើការដកពន្ធ និងបញ្ចប់សង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ដែលកំពុងកើនឡើង នាពេលបច្ចុប្បន្ន នៅក្នុងសហរដ្ឋអាមេរិក។
ចំពេលមានការខិតខំប្រឹងប្រែង និងការពិភាក្សាដើម្បីកាត់បន្ថយអតិផរណា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបរាជ័យក្នុងការលើកឡើងពីការដកពន្ធខ្ពស់លើការនាំចូលរបស់ចិន ដែលត្រូវបានដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។
នៅឆ្នាំ២០១៨ និង២០១៩ សហរដ្ឋអាមេរិក និងចិន បានចូលរួមក្នុងសង្គ្រាមពាណិជ្ជកម្ម លោក Khandelwal បានកត់សម្គាល់ដោយបន្ថែមថា នៅពេលដែលអ្នកផលិតសហរដ្ឋអាមេរិក ទទួលបានប្រាក់ចំណេញពីពន្ធខ្ពស់ អ្នកប្រើប្រាស់ផ្ទុយទៅវិញមានការឈឺចាប់។
លោក Khandelwal បានបន្ដថា ប្រទេសចិនក៏បានដាក់ពន្ធសងសឹកលើការនាំចេញរបស់សហរដ្ឋអាមេរិក ដែលប៉ះប៉ូវផលប្រយោជន៍ នៃការការពារសម្រាប់អ្នកផលិត និងបង្កើនការនាំចេញសម្រាប់ប្រទេសផ្សេងទៀត ប៉ុន្តែមិនមែនសហរដ្ឋអាមេរិកនោះទេ។
លោក Khandelwal បានបន្ថែមថា ការដាក់ពន្ធមិនមែនជាមធ្យោបាយ ដ៏មានប្រសិទ្ធភាព ក្នុងការជំរុញការផលិតនោះទេ ប៉ុន្តែការលើកទំនិញទាំងនោះ នឹងកាត់បន្ថយតម្លៃ សម្រាប់អ្នកប្រើប្រាស់អាមេរិក។
លោកបានសន្និដ្ឋានថា “ការបញ្ចប់សង្រ្គាមពាណិជ្ជកម្ម គឺជាគោលនយោបាយភ្លាមៗ និងមានប្រសិទ្ធភាពបំផុតនៅក្នុងបេសកកម្មរបស់លោក បៃដិន ដើម្បីនាំមកនូវការធូរស្បើយដល់អ្នកប្រើប្រាស់អាមេរិក”៕
ប្រែសម្រួល ឈូក បូរ៉ា