ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោស អ្នកជំនាញ អង្គការសហប្រជាជាតិ មួយចំនួនថា ជាឧបករណ៍ នយោបាយ ប្រឆាំង នឹងក្រុងប៉េកាំង

" "

ប៉េកាំង ៖ បេសកកម្មចិន ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃសុក្រ បានច្រានចោលការចោទ ប្រកាន់លើប្រទេសចិន ដោយអ្នកជំនាញមួយចំនួន របស់អង្គការសហប្រជាជាតិ ដោយលើកឡើងថា ពួកគេបានបំពាន លើអាណត្តិរបស់ពួកគេ និង បានដើរតួជា “ឧបករណ៍នយោបាយ នៃកងកម្លាំងប្រឆាំងចិន” ។

អ្នកនាំពាក្យបេសកកម្មចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយការព្រងើយកន្តើយ ចំពោះសមិទ្ធិផលសិទ្ធិមនុស្ស ដ៏ធំធេងរបស់ប្រទេសចិន ក្រុមអ្នកជំនាញអង្គការ សហប្រជាជាតិ នេះបានគាំទ្រ “ការភូតកុហក និងព័ត៌មានមិនពិត” ដែលប្រឌិត ដោយប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និង កងកម្លាំងប្រឆាំងចិន ។

" "

លោកបានលើកឡើងថា “ពួកគេបានបំពានលើអាណត្តិរបស់ពួកគេ ហើយជ្រើស រើសសហការជាមួយសហរដ្ឋអាមេរិក ក្នុងការបង្កាច់បង្ខូចប្រទេសចិន នៅមុនថ្ងៃ នៃសម័យប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងការប៉ុនប៉ង ឥតប្រយោជន៍ ដើម្បីចាប់ពង្រត់ក្រុមប្រឹក្សា សិទ្ធិមនុស្ស ដើម្បីបម្រើយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ប្រទេសចិន និងដើម្បីបម្រើផលប្រយោជន៍នៃអនុត្តរភាព និងនយោបាយ របស់មហាអំណាច”។

" "

អ្នកជំនាញមួយចំនួន របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានចេញសេចក្តីថ្លែងការណ៍ មួយដោយជំរុញឱ្យប្រទេសចិន “សហការយ៉ាងពេញ លេញជាមួយប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ និងផ្តល់ការចូលដំណើរការ ដោយគ្មានការរារាំងដល់អ្នកជំនាញឯករាជ្យ ស្តីពី ការរំលោភសិទ្ធិមនុស្ស ដ៏សំខាន់ និងការគាបសង្កត់លើ សេរីភាពជាមូលដ្ឋាន” ។

បេសកកម្មរបស់ចិន បានឲ្យដឹងទៀតថា ការប៉ុនប៉ងដើម្បី “ដាក់គោលលទ្ធិ របស់លោកខាងលិចលើអ្នកដ៏ទៃ និង សកម្មភាពនយោបាយដោយចេតនា និងជាឧបករណ៍នៃសិទ្ធិមនុស្ស” បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ភាពជឿជាក់ នៃប្រព័ន្ធអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។

បេសកកម្មរបស់ចិនបានបន្ថែមថា ដោយផ្អែកលើសមភាព និងការគោរពគ្នា ទៅវិញទៅមក ប្រទេសចិនបានត្រៀមខ្លួន ជាស្រេចដើម្បីធ្វើកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្ស យ៉ាងសកម្មជាមួយភាគីផ្សេង ទៀតទាំងអស់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top