ព័ត៌មានអន្តរជាតិ

លោក Zelensky ជួបពិភាក្សាគ្នាជាមួយ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស អំពីការគាំទ្រអ៊ុយក្រែន

គៀវ៖ សារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃសុក្របានជួបជាមួយ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់អ៊ុយក្រែន។

ក្នុងអំឡុងកិច្ចពិភាក្សា លោក Zelensky បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស សម្រាប់ជំនួយប្រកបដោយប្រសិទ្ធភាព សម្រាប់ទីក្រុងគៀវក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយបានជូនដំណឹងដល់លោក Wallace អំពីតម្រូវការបន្ទាន់នៃ កងកម្លាំងការពាររបស់អ៊ុយក្រែន។

លោក Zelensky បានលើកឡើងថា “ថ្ងៃនេះ អាទិភាពសំខាន់ សម្រាប់យើង គឺដើម្បីទទួលបានអាវុធធុនធ្ងន់ឱ្យបានឆាប់” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

សម្រាប់ផ្នែករបស់លោកវិញ លោក Wallace បានសន្យាថា អង់គ្លេស នឹងបន្តការគាំទ្រផ្នែកការពារជាតិ សម្រាប់ទីក្រុងគៀវ និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការស្ដារឡើងវិញនូវបូរណភាពទឹកដី របស់អ៊ុយក្រែន។

ភាគីនានាក៏បានពិភាក្សាអំពីការ ធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងបានផ្លាស់ប្តូរទស្សនៈ របស់ពួកគេអំពីមធ្យោបាយ ដែលអាចកើតមានលើការ បិទច្រករបស់អ៊ុយក្រែន ដើម្បីការពារវិបត្តិស្បៀងអាហារពិភពលោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top