ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយអំពីណាតូអាស៊ី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនស្វែងរកការបង្កើត “អង្គការណាតូអាស៊ី” ឬជំរុញការប្រឈមមុខដាក់គ្នា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ ប៉ុន្តែផ្តោតលើការរក្សាស្ថិរភាព។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា ការលើកឡើងនេះ ធ្វើឡើងនៅក្នុង​សុន្ទរកថា​សំខាន់​មួយ ​នៅឯ​កិច្ចសន្ទនា Shangri-La សន្និសីទ​សន្តិសុខ​កំពូល​របស់​អាស៊ី ហើយបានកើតឡើង ចំពេលមានការព្រមានជាច្រើនពីប្រទេសចិនប្រឆាំង នឹងកិច្ចសហប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក ជាមួយកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

លោក Austin បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងកោះតៃវ៉ាន់ នៅតែមិនផ្លាស់ប្តូរ សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្ត ចំពោះគោលនយោបាយចិនតែមួយ “ប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីណាមួយ នៅក្នុងស្ថានភាពបច្ចុប្បន្ន” ហើយដូច្នេះមិនគាំទ្រ ឯករាជ្យភាពរបស់កោះនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top