សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup បានលើកឡើងនៅថ្ងៃអាទិត្យនេះថា ប្រទេសរបស់លោក នឹងពង្រឹងសមត្ថភាព ការពាររបស់ខ្លួន និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទប់ទល់នឹងការគំរាមកំហែង នុយក្លេអ៊ែរ និងមីស៊ីល របស់កូរ៉េខាងជើង ។
លោក Lee បានថ្លែងនៅឯកិច្ចសន្ទនា Shangri-La នៅក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េ បានបង្កការគំរាមកំហែង ជាសកល ហើយលោកបានជំរុញឱ្យ កូរ៉េខាងជើង បញ្ចប់កម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីល របស់ខ្លួនជាបន្ទាន់ ។
សហរដ្ឋអាមេរិក បានព្រមានក្នុងខែនេះថា កូរ៉េខាងជើង កំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរលើកទី៧ ហើយលើកឡើងថា ខ្លួននឹងជំរុញម្តងទៀតនូវការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រសិនបើរឿងនោះកើតឡើង ។
លោក Lee បានថ្លែងនៅក្នុងសុន្ទរកថាមួយថា “រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងពង្រឹងសមត្ថភាពដើម្បីអនុវត្តឱ្យកាន់តែប្រសើរឡើង នូវការរារាំងបន្ថែមទៀត របស់សហរដ្ឋអាមេរិក ហើយយើងនឹងពង្រឹងសមត្ថភាព ឆ្លើយតបរបស់យោធាកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង” ។
លោកបានថ្លែងទៀតថា “លើសពីនេះ យើងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង” ៕
ដោយ៖ ម៉ៅ បុប្ផាមករា