បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ថា អាជ្ញាធរដែលកាន់កាប់ដោយរុស្ស៊ី នៅភាគខាងត្បូងអ៊ុយក្រែន លើកឡើងថា ពួកគេបានចាប់ផ្តើមផ្តល់លិខិតឆ្លងដែនរុស្ស៊ី ដល់អ្នកស្រុក ក្នុងទីក្រុងចំនួនពីរ គឺ Kherson និង Melitopol ។
ប្រទេសអ៊ុយក្រែន បានថ្កោលទោសចំពោះ ការបង្កើតពលរដ្ឋរុស្ស៊ី នៅលើទឹកដីរបស់ខ្លួនថា ជា “ការបង្ខំឲ្យប្រើប្រាស់ភារុស្ស៊ី” ។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតាមដាន យ៉ាងរហ័សនូវនីតិវិធីនេះ ។
ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី បានចុះផ្សាយថា អ្នកស្រុក Kherson ចំនួន២៣នាក់ដំបូង ដែលបានទទួលលិខិតឆ្លងដែនរុស្ស៊ី ក្នុងពិធីមួយកាលពីថ្ងៃសៅរ៍ ។
ទីភ្នាក់ងារ Tass ឲ្យដឹងថា មនុស្សរាប់ពាន់នាក់បានដាក់ពាក្យសុំ របស់ពួកគេ ប៉ុន្តែការទាមទាររបស់វា មិនអាចផ្ទៀងផ្ទាត់បានទេ ។
អភិបាលក្រុងដែលតែងតាំង ដោយរុស្ស៊ី នៅទីក្រុង Kherson លោក Volodymyr Saldo បានលើកឡើងថា “សមមិត្ត Khersonite របស់យើងទាំងអស់ចង់ទទួល បានលិខិតឆ្លងដែន និងសញ្ជាតិ (រុស្ស៊ី) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
ប្រទេសអ៊ុយក្រែន បានបរិហារទង្វើនេះថា ជាការរំលោភបំពានយ៉ាងខ្លាំង ចំពោះបូរណភាពទឹកដីរបស់ខ្លួន ដោយបានលើកឡើងថា ក្រឹត្យរបស់លោកប្រធានាធិបតី ពូទីន គឺជា “មោឃៈតាមផ្លូវច្បាប់” ។
គួរបញ្ជាក់ថា គោលនយោបាយនេះបានធ្វើឡើង បន្ទាប់ពីការចែកលិខិតឆ្លងដែន របស់រុស្ស៊ី ដល់អ្នកស្រុកនៃតំបន់អ៊ុយក្រែន ដែលកងកម្លាំងរបស់ខ្លួន បានកាន់កាប់តាំងពីឆ្នាំ ២០១៤ គឺ Crimea និង Donbas ៕
ដោយ៖ ម៉ៅ បុប្ផាមករា