ព័ត៌មានអន្តរជាតិ

លីបង់ ថ្កោលទោស ការវាយប្រហារ របស់អ៊ីស្រាអែល លើអាកាសយាន្ដដ្ឋាន ដាម៉ាស់ របស់ប្រទេសស៊ីរី

បរទេស ៖ ក្រសួងការបរទេសលីបង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ បានថ្កោលទោស ការវាយប្រហារដោយកាំជ្រួចរបស់អ៊ីស្រាអែល ទៅលើអាកាសយានដ្ឋាន អន្តរជាតិដាម៉ាស់ ក្នុងរដ្ឋធានីស៊ីរី ដែលបានធ្វើឱ្យខូចខាតដល់កន្លែង និងបង្ខំឱ្យជើង ហោះហើរត្រូវផ្អាក ។

ក្រសួងបានឲ្យដឹងថា ការវាយប្រហារ បានកំណត់គោលដៅលើទីតាំង ជនស៊ីវិលដ៏សំខាន់មួយ ដោយហៅវាថាជា “ការបញ្ជាក់ពីភាពឈ្លានពាន របស់អ៊ីស្រាអែល និងគោលនយោបាយអន្តរាគមន៍ របស់ខ្លួននៅក្នុងតំបន់” ។

ប្រភពបានបញ្ជាក់ពី ការគាំទ្រ របស់លីបង់ សម្រាប់ស៊ីរី ដើម្បីប្រឈម មុខនឹង ការឈ្លានពាន របស់អ៊ីស្រាអែល ម្តង ហើយ ម្តងទៀត នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ប្រទេសស៊ីរី កាលពីថ្ងៃសុក្របានផ្អាកជើងហោះហើរ ទាំងអស់ទៅកាន់ និងចេញពីអាកាសយានដ្ឋានដាម៉ាស់ បន្ទាប់ពីការវាយប្រហារ មួយយប់របស់អ៊ីស្រាអែល ទៅលើទីតាំងភាគខាងត្បូង នៃរដ្ឋធានីស៊ីរី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top