ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី រកចំណូលបាន ជិត១០០ពាន់លានដុល្លារ ពីការនាំចេញប្រេង និងឧស្ម័នក្នុងអំឡុងពេល ឈ្លានពានអ៊ុយក្រែន

រុស្ស៊ី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា យោងតាមរបាយការណ៍មួយ បានឱ្យដឹងថា ប្រទេសរុស្ស៊ី រកចំណូលបានជិត១០០ពាន់លានដុល្លារ ពីការនាំចេញប្រេង និងឧស្ម័នក្នុងអំឡុងពេល១០០ថ្ងៃដំបូង នៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ។

មជ្ឈមណ្ឌលឯករាជ្យ សម្រាប់ស្រាវជ្រាវថាមពល និងខ្យល់ស្អាត ហៅកាត់ថា (CREA) បានរកឃើញថា ប្រាក់ចំណូលបានធ្លាក់ចុះចាប់តាំងពីខែមីនា ដោយសារប្រទេសជាច្រើន បានគេចចេញពីការផ្គត់ផ្គង់របស់រុស្ស៊ី ប៉ុន្តែនៅតែមានកម្រិតខ្ពស់ ។

មជ្ឈមណ្ឌលក៏បានព្រមានអំពីចន្លោះប្រហោង ដែលអាចកើតមានក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការនាំចូលពីប្រទេសរុស្ស៊ី ។

គេបានដឹងថា សហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ស្ថិតក្នុងចំណោមប្រទេស ដែលបានសន្យាកាត់បន្ថយការនាំចូលពីរុស្ស៊ី។

ប៉ុន្តែរបាយការណ៍របស់ CREA បានរកឃើញថា ប្រទេសរុស្ស៊ី នៅតែទទួលបានប្រាក់ចំណូល ចំនួន៩៧ពាន់លានដុល្លារ ពីការនាំចេញឥន្ធនៈហ្វូស៊ីល ក្នុងរយៈពេល១០០ថ្ងៃដំបូង នៃជម្លោះអ៊ុយក្រែន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី៣ ខែមិថុនា ។

សហភាពអឺរ៉ុបមាន៦១ភាគរយ នៃការនាំចូលទាំងនេះ ដែលមានតម្លៃជាទឹកប្រាក់ ប្រហែល៥៩ពាន់លានដុល្លារ ។

សរុបជារួម ការនាំចេញប្រេង និងឧស្ម័នរបស់រុស្ស៊ី កំពុងធ្លាក់ចុះ ហើយប្រាក់ចំណូលរបស់ក្រុងម៉ូស្គូ បានមកពីការលក់ថាមពល ក៏បានធ្លាក់ចុះផងដែរពីកម្រិតខ្ពស់បំផុត ជាង១ពាន់លានដុល្លារក្នុង១ថ្ងៃក្នុងខែមីនា ។

ប៉ុន្តែប្រាក់ចំណូលនៅតែ លើសពីការចំណាយនៃសង្រ្គាមអ៊ុយក្រែន ក្នុងអំឡុងពេល១០០ថ្ងៃដំបូង ដោយមជ្ឈមណ្ឌល CREA បានប៉ាន់ស្មានថា ប្រទេសរុស្ស៊ី កំពុងចំណាយប្រហែល៨៧៦លានដុល្លារ ក្នុង១ថ្ងៃសម្រាប់ការឈ្លានពាន ៕

To Top