ព័ត៌មានអន្តរជាតិ

ការវិភាគ ៖ ជនជាតិរុស្សី ដែលមានទ្រព្យសម្បត្តិ ហូរហៀរពី១លានដុល្លារ ប្រហែល 15 000 នាក់ នឹងចាកចេញពីប្រទេស នៅចុងឆ្នាំ 2022

បរទេស ៖ ប្រទេសរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងបាត់បង់ 15% នៃមហាសេដ្ឋីរបស់ខ្លួន នៅឆ្នាំនេះ ខណៈដែលពលរដ្ឋ ដែលមានបំផុតរបស់ខ្លួន បានផ្លាស់ទីទៅក្រៅប្រទេស បន្ទាប់ពីការលុកលុយ របស់វិមានក្រឹមឡាំង មកលើអ៊ុយក្រែន និង ការបន្តដាក់ទណ្ឌកម្ម លោកខាងលិច ។ នេះបើយោងតាមការវិភាគថ្មីមួយ ពីក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលដកស្រង់ ដោយសារព័ត៌មាន The Guardian នៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារប្រឹក្សាការធ្វើចំណាក ស្រុកវិនិយោគរបស់ Henley & Partners បាននិយាយ នៅក្នុងរបាយការណ៍របស់ខ្លួនថា ជនជាតិរុស្សី ដែលមានទ្រព្យសម្បត្តិ ហូរហៀរប្រហែល 15 000 នាក់ដែលមានទ្រព្យសម្បត្តិ 1 លានដុល្លារ នឹងចាកចេញពីប្រទេសនៅចុងឆ្នាំ 2022 ។

លោក Andrew Amoils ប្រធានផ្នែកស្រាវជ្រាវនៅ New World Wealth ដែលបានចងក្រង ទិន្នន័យសម្រាប់ Henley បាននិយាយថា «ប្រទេសរុស្សី កំពុងធ្លាក់ចុះឈាមមហាសេដ្ឋី»។ លោកបានបន្ថែមថា “តាមប្រវត្តិសាស្ត្រ ការដួលរលំប្រទេស សំខាន់ៗ ជាធម្មតាត្រូវបាននាំមុខ ដោយការពន្លឿន ការធ្វើចំណាកស្រុក នៃអ្នកមានទ្រព្យសម្បត្តិ ដែលជារឿយៗ ជាអ្នកចាកចេញមុនគេ ដោយសារពួកគេមាន មធ្យោបាយធ្វើដូច្នេះ” ។

ទោះបីជាមានការចាកចេញ របស់ជនជាតិរុស្សី ដែលមានស្តុកស្តម្ភក៏ដោយ របាយការណ៍បាននិយាយផងដែរថា ឥស្សរជនអ្នកមានបំផុត របស់ប្រទេសជាច្រើន បានរួបរួមគ្នាជុំវិញវិមានក្រឹមឡាំង បន្ទាប់ពីការភ្ញាក់ផ្អើលដំបូង នៃការលុកលុយ ដែលបានបណ្តាលឱ្យបានបាត់បង់ជីវិត។

ចំណែកនៅប្រទេស អ៊ុយក្រែនវិញ មហាសេដ្ឋីចំនួន 2 800នាក់ (ឬ 42% នៃបុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់របស់ប្រទេស) ត្រូវបានគេរំពឹងថា នឹងចាកចេញ នៅចុងឆ្នាំនេះដែរ ដែលធ្វើឱ្យវាក្លាយជាប្រទេស ដែលមានការបាត់បង់ច្រើនបំផុត នៃពលរដ្ឋដែលមានទ្រព្យសម្បត្តិ ជាសមាមាត្រនៃចំនួន ប្រជាជនរបស់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top