ព័ត៌មានអន្តរជាតិ

អ្នកស្រាវជ្រាវអ៊ីស្រាអែល និងអាមេរិក បង្កើតការព្យាបាលហ្សែន សម្រាប់មេរោគអេដស៍ ដោយការចាក់ថ្នាំ

យេរ៉ូសាឡឹម៖ សាកលវិទ្យាល័យ Tel Aviv (TAU) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កើតការព្យាបាលដោយចាក់ថ្នាំ សម្រាប់មេរោគអេដស៍ ដោយប្រើវិស្វកម្មហ្សែន នៃអង្គបដិប្រាណនៅក្នុងខ្លួន។

ការព្យាបាលថ្មីនេះអាចនឹង ត្រូវបានបង្កើតទៅជាវ៉ាក់សាំង ឬការព្យាបាលតែម្តង សម្រាប់អ្នកជំងឺដែលមានផ្ទុកមេរោគអេដស៍ នេះបើយោងតាម TAU ។

នៅក្នុងការសិក្សាមួយដែលត្រូវបាន ចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Biotechnology អ្នកស្រាវជ្រាវ TAU និងសហការីរបស់ពួកគេ បានបង្កើតកោសិកាឈាមសប្រភេទ B ដើម្បីជួយនូវអង្គបដិប្រាណមេរោគអេដស៍ ក្នុងការឆ្លើយតបទៅនឹងមេរោគ។

ផ្ទុយទៅនឹងវិធីសាស្ត្រហ្សែនទូទៅ ដែលកោសិកាត្រូវបានកែច្នៃនៅខាងក្រៅរាងកាយ ក្រុមការងារបានធ្វើវិស្វកម្មកោសិកា B នៅក្នុងខ្លួនរបស់សត្វកណ្តុរ ហើយបានពណ៌នាអំពី វិធីសាស្ត្រថ្មីនេះថាលឿន មានប្រសិទ្ធភាព សន្សំសំចៃ និងសុវត្ថិភាព។

អ្នកស្រាវជ្រាវ TAU Adi Barzel ពន្យល់ថា “នៅពេលដែលកោសិកា B ដែលត្រូវបានវិស្វកម្មជួបប្រទះនឹងមេរោគ វាជំរុញ និងលើកទឹកចិត្តឱ្យពួកគេបែងចែក ដូច្នេះយើងកំពុងប្រើប្រាស់មូលហេតុនៃជំងឺនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងវា” ។

លោកបានបន្ថែមថា “លើសពីនេះ ប្រសិនបើមេរោគមានការផ្លាស់ប្តូរ កោសិកា B ក៏នឹងផ្លាស់ប្តូរទៅតាមនោះផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ដូច្នេះហើយយើងបានបង្កើតថ្នាំដំបូង ដែលមិនធ្លាប់មាន ដែលអាចវិវត្តនៅក្នុងខ្លួន និងកម្ចាត់មេរោគនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top