យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានអំពាវនាវ ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ឱ្យបោះបង់ចោល ការផ្តល់ហិរញ្ញប្បទាន ឥន្ធនៈ ហ្វូស៊ីល ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។
នៅក្នុងការកត់សម្គាល់ ដែលបានបញ្ជូនតាមវីដេអូ ទៅកាន់កិច្ចប្រជុំកំពូលពិភពលោកអូទ្រីស នៅទីក្រុងវីយែន មន្ត្រីកំពូលរបស់អង្គការ សហប្រជាជាតិ បានឲ្យដឹងថា ថាមពលកកើតឡើងវិញគឺជា “ផែនការសន្តិភាពនៃសតវត្សទី២១” ហើយបានអំពាវនាវឱ្យហិរញ្ញវត្ថុ ឥន្ធនៈហ្វូស៊ីល ត្រូវបោះបង់ចោលការលក់ដុំ ដើម្បីជាជម្រើសពណ៌បៃតង។
លោកបានលើកឡើងថា “ខ្ញុំសូមអំពាវនាវដល់តួអង្គ ហិរញ្ញវត្ថុទាំងអស់ ឱ្យបោះបង់ចោលហិរញ្ញវត្ថុឥន្ធនៈហ្វូស៊ីល ហើយវិនិយោគលើ ថាមពលកកើតឡើងវិញ” ។
លោកបានបន្ដថា “ផ្លូវពិតតែមួយគត់ ទៅកាន់សន្តិសុខថាមពល តម្លៃថាមពលមានស្ថេរភាព ភាពរុងរឿង និងភពផែនដីដែលអាចរស់នៅបាន គឺការបោះបង់ចោលឥន្ធនៈហ្វូស៊ីលដែលបំពុល ជាពិសេសធ្យូងថ្ម និងការពន្លឿនការផ្លាស់ប្តូរថាមពល ដែលមានមូលដ្ឋានលើថាមពល កកើតឡើងវិញ” ។
ប្រធានអង្គការសហប្រជាជាតិរូបនេះ បានព្រមានថា បង្អួចដើម្បីការពារផលប៉ះពាល់ ដ៏អាក្រក់បំផុតនៃវិបត្តិអាកាសធាតុ “កំពុងបិទយ៉ាងឆាប់រហ័ស” ហើយដើម្បីរក្សាគោលដៅ ១,៥ដឺក្រេ នៃការកំណត់ការឡើងកំដៅ ផែនដីឱ្យនៅឆ្ងាយ ការបំភាយឧស្ម័នត្រូវតែ កាត់បន្ថយចំនួន ៤៥ភាគរយនៅឆ្នាំ២០៣០ ជាមួយនឹងកម្រិតសូន្យ នៃការបំភាយឧស្ម័ននៅឆ្នាំ២០៥០ ។
លោកអគ្គលេខាធិការបានបន្ថែមថា “ប៉ុន្តែការប្តេជ្ញាចិត្ត ជាតិនាពេលបច្ចុប្បន្ន នឹងនាំឱ្យមានការកើនឡើងស្ទើរតែ ១៤ភាគរយនៅក្នុងទសវត្សរ៍នេះ” ដោយបន្ថែមថាការបំភាយឧស្ម័ន CO2 ទាក់ទងនឹងថាមពលបានកើនឡើង ៦ភាគរយកាលពីឆ្នាំមុន “នៅពេលដែលពួកគេគួរតែធ្លាក់ចុះ”៕
ប្រែសម្រួល ឈូក បូរ៉ា