យេរ៉សាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានជួបពិភាក្សា ជាមួយសមភាគីអ៊ីតាលី លោក Mario Draghi ដើម្បីពិភាក្សា អំពីកិច្ចព្រមព្រៀងស្តីពី ការនាំចេញឧស្ម័នធម្មជាតិ របស់អ៊ីស្រាអែល ទៅកាន់អឺរ៉ុប។
លោក Bennett បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញដោយភាគីទាំងពីរថា មេដឹកនាំទាំងពីរបានពិភាក្សាអំពី “កិច្ចសហប្រតិបត្តិការចាំបាច់ ដើម្បីធានាថា ឧស្ម័នធម្មជាតិរបស់អ៊ីស្រាអែល ក៏អាចប្រើប្រាស់បាននៅក្នុងទ្វីបអឺរ៉ុប” ដែលជា “ដំណឹងល្អ សម្រាប់អ៊ីស្រាអែល អ៊ីតាលី និងអឺរ៉ុប” ។
មេដឹកនាំទាំងពីរបានបើកកិច្ចប្រជុំឯកជនមួយ បន្តដោយកិច្ចប្រជុំពង្រីក រវាងមន្ត្រីអ៊ីស្រាអែលនិងអ៊ីតាលី ដោយមានការចូលរួមពីរដ្ឋមន្ត្រីថាមពល អ៊ីស្រាអែល Karine Elharrar ។
ការិយាល័យរបស់លោក Bennett បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា មេដឹកនាំបាននិយាយអំពីការជំរុញការនាំចេញ ឧស្ម័នរបស់អ៊ីស្រាអែល ទៅកាន់អឺរ៉ុប បន្ទាប់ពីមានវិបត្តិ នៅអ៊ុយក្រែន។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងទៀតថា “ពួកគេបានពិភាក្សាអំពីវិធី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងអ៊ីស្រាអែលនិងអ៊ីតាលី ផលប៉ះពាល់នៃសង្រ្គាម នៅអ៊ុយក្រែន មធ្យោបាយ ដោះស្រាយវិបត្តិ ស្បៀងអាហារពិភពលោក និងលទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យថាមពល ជាពិសេសចំពោះសក្តានុពល នៃការនាំចេញឧស្ម័នធម្មជាតិ ទៅកាន់អឺរ៉ុប តាមរយៈអេហ្ស៊ីប”៕
ប្រែសម្រួល ឈូក បូរ៉ា