ព័ត៌មានអន្តរជាតិ

Update​ ៖ រុស្ស៊ី ប្រកាសថា នឹងបិទបំពង់បង្ហូរនាំឧស្ម័នទៅកាន់តំបន់អឺរ៉ុប

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបិទម៉ាស៊ីន ទួរប៊ីនមួយទៀត នៅលើបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 1 ដែលជាការកាត់បន្ថយនូវការ ចែកចាយឧស្ម័ន យ៉ាងច្រើនទៅកាន់តំបន់អឺរ៉ុប ។

ក្រុមហ៊ុនបានឲ្យដឹងនៅលើបណ្តាញ Telegram ខណៈដែលក្រុមហ៊ុន Siemens របស់អាល្លឺម៉ង់ ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនទួរប៊ីនហ្គាស បានបរាជ័យក្នុងការផ្តល់ សេវាជួសជុលឡើងវិញឲ្យបានទាន់ពេលវេលា ហើយក្រុមហ៊ុន Gazprom បានសម្រេចចិត្តបញ្ឈប់ម៉ាស៊ីនទី២នៅស្ថានីយ៍បង្ហាប់ Portovaya ដោយសារតែស្ថានភាព បច្ចេកទេសរបស់ស្ថានីយ៍នោះ ។

ក្រុមហ៊ុន Gazprom បានឲ្យដឹងថា ទិន្នផលប្រចាំថ្ងៃ របស់ស្ថានីយ៍បង្ហាប់ Portovaya ចាប់ពីម៉ោង១និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង២២និង៣០នាទីម៉ោងសកល នឹងមិនលើសពី៦៧លានម៉ែត្រគូប ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពី១០០លានម៉ែត្រគូប ។

ដោយលើកឡើងពីហេតុផលដូចគ្នានេះ ក្រុមហ៊ុន Gazprom បានបញ្ជាក់កាលពីថ្ងៃអង្គារថា បរិមាណនៃការផ្គត់ផ្គង់ឧស្ម័នតាមរយៈបំពង់ Nord Stream 1 នឹងត្រូវកាត់បន្ថយពី ១៦៧លានម៉ែត្រគូបក្នុង១ថ្ងៃទៅ១០០លានម៉ែត្រគូប ។

បានបញ្ចប់ក្នុងឆ្នាំ២០១១ បំពង់បង្ហូរ Nord Stream 1 តភ្ជាប់ទីក្រុង Vyborg ភាគពាយព្យ នៃប្រទេសរុស្ស៊ី និងប្រទេសអាល្លឺម៉ង់ តាមរយៈបាតសមុទ្របាល់ទិក ។ ដើម្បីបន្ធូរបន្ថយការផ្ទុកលើសទម្ងន់ របស់វា បំពង់បង្ហូរ Nord Stream 2 ត្រូវបានបញ្ចប់នៅឆ្នាំ២០២១ ប៉ុន្តែត្រូវបានផ្អាកចាប់តាំង ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការ យោធាពិសេសនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top