ព័ត៌មានអន្តរជាតិ

តួកគី កំពុងព្យាយាមបញ្ចុះបញ្ចូល រុស្ស៊ី និង អ៊ុយក្រែន ក្នុងកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិ ដើម្បីការពារវិបត្តិ ស្បៀងអាហារ

អង់ការ៉ា ៖ ប្រទេសតួកគីកំពុងស្វែង រកធ្វើជាឈ្មួញកណ្តាលច្រករបៀង គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ ដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជៀសវាងវិបត្តិស្បៀងអាហារ ។

អ៊ុយក្រែន ជាប្រទេស នាំចេញគ្រាប់ ធញ្ញជាតិ ដ៏សំខាន់ ទៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។ នៅពេលដែលជម្លោះ រុស្ស៊ី-អ៊ុយក្រែន កាន់តែអូសបន្លាយ ការរំខានដល់ការដឹកជញ្ជូនកំពុងជំរុញឱ្យតម្លៃកាន់តែខ្ពស់ ដែលជំរុញឱ្យមានកង្វះខាត ស្បៀងអាហារអន្តរជាតិ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនធានារ៉ាប់រង លើដែនសមុទ្រអន្តរជាតិ បានដាក់តំបន់ក្នុងបញ្ជី “ហានិភ័យខ្ពស់” ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូន ទំនិញកសិកម្មកើនឡើងយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

អង្គការសហប្រជាជាតិ បានអំពាវនាវ រួចហើយ ទៅរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជា សមាជិក ណាតូ តួកគី ឱ្យយល់ព្រមលើ ច្រករបៀងសមុទ្រ ដើម្បីនាំចេញ គ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែន ។ ប្រទេសតួកគីមានសិទ្ធិអំណាចលើចរាចរណ៍ផ្លូវសមុទ្រចូល និងចាកចេញពីសមុទ្រខ្មៅ កាត់តាមច្រកសមុទ្រ Bosphorus ។

អ្នកជំនាញបានឲ្យដឹងថា ច្រករបៀងគ្រាប់ធញ្ញជាតិណាមួយ ដែលឈ្មួញ កណ្តាលតួកគី នឹងពាក់ព័ន្ធនឹងនាវាដឹកទំនិញ ដែលចាកចេញពីកំពង់ផែសមុទ្រ ខ្មៅដូចជាទីក្រុង Odessa របស់អ៊ុយក្រែន ជាមួយនឹងការអមការពារកងទ័ពជើងទឹក តួកគី មុនពេលធ្វើដំណើរទៅកាន់ប្រទេសតួកគី និងទៅកាន់ទីផ្សារពិភពលោក។

លោក Murat Onsoy អ្នកប្រាជ្ញ មកពីសាកលវិទ្យាល័យ Hacettepe នៃទីក្រុងអង់ការ៉ា បានប្រាប់ស៊ីនហួថា “ទោះបីជាកិច្ចព្រមព្រៀង មួយត្រូវបានសម្រេចក្នុងពេលឆាប់ៗ នេះក៏ដោយ ក៏មានបញ្ហាប្រឈមផ្នែកដឹកជញ្ជូន ដូចជាការត្រៀមរៀបចំនាវា ការដោះមីន និងការរៀបចំមូលដ្ឋានច្បាប់ នៃប្រតិបត្តិការបែបនេះ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top