ម៉ូស្គូ៖ ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយលំហូរឧស្ម័នធម្មជាតិ តាមរយៈបំពង់បង្ហូរប្រេងសំខាន់ៗរបស់អឺរ៉ុបសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដែលបង្កើតភាពចលាចលថាមពលបន្ថែមទៀត នៅក្នុងទ្វីបអឺរ៉ុប ខណៈដែលខ្លួនព្យាយាមកាត់បន្ថយការប្រើប្រាស់ប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី យ៉ាងទូលំទូលាយចំពេល សង្គ្រាមនៅអ៊ុយក្រែន។
ក្រុមហ៊ុនថាមពល ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា ការដឹកជញ្ជូនតាមបំពង់ Nord Stream 1 ទៅកាន់ប្រទេសអាល្លឺម៉ង់ នឹងត្រូវកាត់បន្ថយម្តងទៀត នៅថ្ងៃព្រហស្បតិ៍ ដោយនាំមកនូវការកាត់បន្ថយទាំងមូល តាមរយៈបំពង់បង្ហូរក្រោមសមុទ្រដល់ ៦០ភាគរយ។
លោក Simone Tagliapietra អ្នកជំនាញខាងគោលនយោបាយថាមពល បានលើកឡើងថា ការធ្លាក់ចុះនៃការដឹកជញ្ជូនឧស្ម័នដែលប្រើសម្រាប់ផ្តល់ថាមពល ដល់ឧស្សាហកម្ម និងផលិតអគ្គិសនីនឹងមានចំនួនប្រហែល ១៦ពាន់លានម៉ែត្រគូប នៅដំណាច់ឆ្នាំនេះ ឬប្រហែល ១០ ភាគរយ នៃការនាំចូលឧស្ម័នពីសហភាពអឺរ៉ុប សរុបពីប្រទេសរុស្ស៊ី។
ការកាត់បន្ថយថ្មីនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន Gazprom បាននិយាយថា វានឹងកាត់បន្ថយលំហូរចេញ ៤០ភាគរយ បន្ទាប់ពីការដាក់ទណ្ឌកម្ម របស់កាណាដាលើសង្រ្គាមបានរារាំង ដៃគូអាល្លឺម៉ង់ Siemens Energy ពីការផ្តល់ឧបករណ៍ដែលបានជួសជុលឡើងវិញ។ ខ្លួនបានស្តីបន្ទោសបញ្ហាដូចគ្នា ចំពោះការកាត់បន្ថយបន្ថែម។
ប៉ុន្តែអនុអធិការបតីអាល្លឺម៉ង់លោក Robert Habeck បានលើកឡើងថា ការផ្លាស់ប្តូរដំបូងរបស់ក្រុមហ៊ុន Gazprom ហាក់ដូចជានយោបាយជាជាងលទ្ធផល នៃបញ្ហាបច្ចេកទេស ហើយថាការវិវឌ្ឍន៍ថ្មី “បង្ហាញយ៉ាងច្បាស់ថាការពន្យល់ របស់ភាគីរុស្ស៊ីគ្រាន់តែជាលេស”៕ ប្រែសម្រួល ឈូក បូរ៉ា