បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក និងក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសបើកការស៊ើបអង្កេតមួយ ក្រោយមានការអះអាង និងរកឃើញថាបន្ទះឈីប ដែលផលិតនៅអាមេរិក បែរជាត្រូវបានប្រើប្រាស់នៅក្នុងម៉ាស៊ីន ដំណើរការរបស់រថក្រោះ នៃប្រទេសរុស្សីទៅវិញ។
របាយការណ៍ដែលត្រូវបានចេញផ្សាយ ដោយកាសែតវ៉ាស៊ិនតោន តាំងតែពីថ្ងៃពុធបានធ្វើឲ្យ FBI បើកប្រតិបត្តិការស៊ើបអង្កេតភ្លាម និងបានធ្វើដំណើរទៅជួបជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនរបស់ខ្លួន និងក៏បានធ្វើការសាកសួរផងដែរ ថាតើមូលហេតុធ្វីបានជាបន្ទះឈីប របស់ពួកគេបែរជាមានវត្តមាន លើរថក្រោះរបស់រុស្សីទៅវិញទាំងប្រព័ន្ធរ៉ាដា យន្តហោះដ្រូននិងរថក្រោះ។
មន្ត្រីរបស់ក្រសួងពាណិជ្ជកម្មម្នាក់បានបញ្ជាក់ថា៖ គោលបំណងរបស់យើងនៅពេលនេះគឺជាក់ស្តែងធ្វើយ៉ាងតាមដាននូវសង្វាក់ផ្គត់ផ្គង់ របស់ក្រមហ៊ុនទាំងនោះឡើងវិញដើម្បីរកឲ្យឃើញថា តើបន្ទះឈីបទាំងនោះបែរជាបានធ្លាក់ចូល ទៅក្នុងប្រព័ន្ធអាវុធរបស់រុស្សីបានដោយរបៀបណា៕ ប្រែសម្រួល៖ស៊ុនលី