ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ អង្គការណាតូ៖ នឹងបង្កើនកម្លាំង នៅប៉ែកខាងកើត

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងពង្រឹងក្រុមប្រយុទ្ធរបស់ខ្លួន នៅតាមបណ្តោយភាគខាងកើតរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំរបស់ រដ្ឋមន្ត្រីការពារជាតិនៃសម្ព័ន្ធមិត្ត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅចុងបញ្ចប់នៃរយៈពេល ពីរថ្ងៃនៃការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនៅថ្ងៃទី២៩-៣០ ខែមិថុនា លោក Stoltenberg បានលើកឡើងថា រដ្ឋមន្ត្រីបានពិភាក្សាអំពីតួនាទី នាពេលអនាគតរបស់អង្គការ និងរបៀបដែលវាអាចបង្កើន ការគាំទ្រជាក់ស្តែងសម្រាប់ សម្ព័ន្ធមិត្តដោយការពង្រឹងវត្តមាន សមត្ថភាព និងការត្រៀមខ្លួនជាខ្លាំង។

លោក Stoltenberg បានបន្ដថា “នេះនឹងមានន័យថា NATO បន្តដាក់ពង្រាយទម្រង់ប្រយុទ្ធ ដើម្បីពង្រឹងក្រុមសមរភូមិរបស់យើង នៅភាគខាងកើតនៃសម្ព័ន្ធមិត្តរបស់យើង ប្រព័ន្ធការពារដែនអាកាស សមុទ្រ និងតាមអ៊ីនធឺណិតកាន់តែច្រើន ក៏ដូចជាឧបករណ៍ដែលមានទីតាំងមុន និងឃ្លាំងស្តុកអាវុធ និងគំរូកម្លាំងថ្មី ជាមួយនឹងកម្លាំងកាន់តែច្រើន នៅក្នុងការត្រៀមខ្លួនខ្ពស់ ហើយកងកម្លាំងជាក់លាក់ត្រូវបាន ចាត់តាំងជាមុនសម្រាប់ការពារ សម្ព័ន្ធមិត្តជាក់លាក់ ដើម្បីអនុញ្ញាតឱ្យមាន ការពង្រឹងកាន់តែលឿន”។

លោក Stoltenberg បានបន្ថែមថា រដ្ឋមន្ត្រីក៏បានពិភាក្សាអំពីធនធានផងដែរ។ លោកបានរំលឹកថា ការវិនិយោគលើវិស័យការពារជាតិ បាននិងកំពុងកើនឡើងនៅទូទាំងសម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា ក្នុងរយៈពេល ៧ឆ្នាំជាប់ៗគ្នាឥឡូវនេះ ហើយថា សម្ព័ន្ធមិត្តនៅតែបន្តរួមចំណែកដល់ ការដាក់ពង្រាយរបស់ណាតូ និងវិនិយោគបន្ថែមទៀត លើសមត្ថភាពកម្រិតខ្ពស់។

លោកបានបន្តថា “ឥឡូវនេះជាពេលវេលា ដើម្បីរក្សាសន្ទុះ ដូច្នេះយើងអាចបន្តរក្សាសន្តិភាព ការពារជម្លោះ និងការពារប្រជាជនយើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបញ្ជាក់បន្ថែមថា “យើងបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងអស់មានសិទ្ធិជ្រើសរើស ផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។ ការឈ្លានពានរបស់រុស្ស៊ីគឺជាការផ្លាស់ប្តូរហ្គេម។ ដូច្នេះ NATO ត្រូវតែរក្សាការរារាំងដ៏គួរឱ្យទុកចិត្ត និងការការពារដ៏រឹងមាំ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top