ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យបញ្ចប់ជម្លោះ ប៉ុន្តែសន្យាផ្តល់អាវុធ បន្ថែមទៀតដល់អ៊ុយក្រែន

បរទេស៖ អធិការបតីអាល្លឺម៉ង់ បានថ្កោលទោស នូវអ្វីដែលលោកហៅថា “ភាពឃោរឃៅ ដែលមិនអាចនឹកស្មានដល់” នៃជម្លោះក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់តំបន់ ជាយទីក្រុង Irpin របស់ទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍។ លោក Olaf Scholz បានចូលរួមនៅទីក្រុងគៀវ ដោយប្រធានាធិបតី បារាំង Emmanuel Macron នាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi និងប្រធានាធិបតីរ៉ូម៉ានី Klaus Iohannis ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Scholz បានសរសេរនៅលើ Twitter ថា “ការបំផ្លិចបំផ្លាញដ៏ឃោរឃៅនៃទីក្រុងនេះគឺជាការចងចាំមួយ: សង្រ្គាមនេះត្រូវតែបញ្ចប់” ។

ទីក្រុង Irpin ក្នុងប្រទេសអ៊ុយក្រែន បានឃើញការប្រយុទ្ធគ្នាខ្លាំងរវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនក្នុងសប្តាហ៍ដំបូងនៃជម្លោះ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីកាលពីចុងខែកុម្ភៈ។

ទីក្រុងមូស្គូ បានដកកងទ័ព របស់ខ្លួនចេញ ពីតំបន់គៀវ និងទឹកដីអ៊ុយក្រែនមួយចំនួនទៀត កាលពីដើមខែមេសា ដោយហៅវាថាជាកាយវិការ សុច្ឆន្ទៈ ក្នុងគោលបំណងជួយ កិច្ចចរចាសន្តិភាព។ ការចរចាបានជាប់គាំង តាំងពីពេលនោះមក។ ខណៈដែលអំពាវនាវឱ្យបញ្ឈប់ ការប្រយុទ្ធគ្នា លោក Scholz ក៏បានប្តេជ្ញាថានឹង បញ្ជូនអាវុធបន្ថែមទៀតទៅក្រុងគៀវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top