ព័ត៌មានអន្តរជាតិ

ទាហានអ៊ុយក្រែន ប្រហែល១ ០០០នាក់ បានស្លាប់ឬរបួស រាល់ថ្ងៃ ក្នុងសង្គ្រាមនៅ Donbass ជាមួយរុស្ស៊ី

បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធ ដែលត្រូវបានដកស្រង់ដោយ Axiosថា ទីក្រុងគៀវបានបង្ហាញពីទំហំនៃការស្លាប់ និងរបួសប្រចាំថ្ងៃរបស់ខ្លួននៅក្នុងជម្លោះជាមួយរុស្ស៊ីថា មានទាហានអ៊ុយក្រែនរហូតដល់ ១ ០០០នាក់ បានស្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃ នៅក្នុងទីក្រុង Donbass ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក David Arakhamia ដែលដឹកនាំការចរចារបស់ទីក្រុង គៀវ ជាមួយទីក្រុងមូស្គូ និងជាប្រធានគណបក្ស របស់ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងសភា បានបង្ហាញតួលេខក្នុងអំឡុងពេល កិច្ចប្រជុំតុមូល នៅឯមូលនិធិ German Marshall ក្នុងទីក្រុង Washington DC ។

លោកបាននិយាយថា ចំនួនអ្នកស្លាប់និងរបួស ប្រចាំថ្ងៃ ក្នុងចំណោមទាហានអ៊ុយក្រែន បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីប្រទេសរុស្ស៊ី បានបង្កើនការវាយលុក របស់ខ្លួននៅ Donbass ។

នៅថ្ងៃទី១ ខែមិថុនា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ទីក្រុងគៀវបានបាត់បង់ទាហានពី ៦០ ទៅ ១០០នាក់​ ក្នុងមួយថ្ងៃក្នុងការប្រយុទ្ធ។ ឥឡូវនេះជាងពីរសប្តាហ៍ក្រោយមក Arakhamia អះអាងថាចំនួននេះបានកើនដល់ ២០០-៥០០នាក់ជារៀងរាល់ថ្ងៃជាមធ្យម៕

ប្រែសម្រួលៈ ណៃ តុលា

To Top