បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ Olaf Scholz, ប្រធានាធិបតីបារាំង Emmanuel Macron, នាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi និងប្រធានាធិបតីរ៉ូម៉ានី Klaus Iohannis រួមចំណែកដល់អ៊ុយក្រែនក្នុងការទទួលយកជំហរ “ប្រាកដនិយម” បន្ថែមទៀតលើជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Dmitry Peskov បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីមានមន្ទិលសង្ស័យ អំពីការរំពឹងទុកថា អ៊ុយក្រែននឹងវិលមក តុចរចាវិញ។ លោក Peskov បាននិយាយថា ទីក្រុងមូស្គូសង្ឃឹមថា មេដឹកនាំទាំងបួន “នឹងមិនផ្តោតតែលើការគាំទ្រប្រទេសអ៊ុយក្រែនដោយការផ្គត់ផ្គង់អាវុធពេញលេញនោះទេ” ដោយលោក Peskov បាននិយាយថា គោលនយោបាយនេះនឹង “គ្មានប្រយោជន៍ទាំងស្រុង” ហើយនឹងគ្រាន់តែ “ពន្យារការឈឺចាប់របស់ប្រជាជន និងនាំការខូចខាតបន្ថែមទៀត ដល់ប្រជាជាតិនេះ»។
ជំនួសមកវិញ ទីក្រុងមូស្គូសង្ឃឹមថា មេដឹកនាំអឺរ៉ុបទាំងបួនអាចប្រើប្រាស់ “ទំនាក់ទំនងទាំងនេះ” ដើម្បីធ្វើឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទទួលយក “ជំហរជាក់ស្តែងលើស្ថានភាព” ៕
ប្រែសម្រួលៈ ណៃ តុលា
