ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ ថា លោកនិងប្រធានាធិបតីបារាំង នឹងរក្សាទំនាក់ទំនងជាមួយលោក ពូទីន

បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយដោយទទូចថា វាមានសារៈសំខាន់បំផុតក្នុងការរក្សាទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បើទោះបីជាមានការរិះគន់ ពីប្រភពមួយចំនួនក៏ដោយ។ លោក Olaf Scholz បានប្រាប់ទីភ្នាក់ងារព័ត៌មាន dpa កាលពីថ្ងៃសុក្រថា កិច្ចពិភាក្សានេះគឺចាំបាច់ ដើម្បីទទួលបានសារ របស់លោកខាងលិច ទៅកាន់ទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ទាំងលោក Scholz និងសមភាគីបារាំងលោក Emmanuel Macron គ្រោងនឹងបន្តទំនាក់ទំនងជាមួយលោកពូទីន បើទោះបីជាប្រតិបត្តិការយោធារុស្ស៊ីកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។ អធិការបតីអាល្លឺម៉ង់បានគូសបញ្ជាក់ថា ការវាយលុកនេះត្រូវបានប្រឆាំងយ៉ាងខ្លាំងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

Scholz បានពន្យល់ថា “វាចាំបាច់ណាស់ ក្នុងការនិយាយជាមួយពូទីន” ដោយបន្ថែមថា គាត់ “នឹងបន្តធ្វើដូច្នេះដូចប្រធានាធិបតីបារាំងដែរ” ។ គាត់ក៏បាននិយាយថា គាត់នឹងព្យាយាមប្រើឱកាស បែបនេះ ដើម្បីធ្វើសេចក្តីថ្លែងការណ៍ “ច្បាស់លាស់” មួយចំនួនទៅកាន់ប្រទេសរុស្ស៊ី។ ជាពិសេស អធិការបតីបាននិយាយថា គាត់នឹងព្យាយាមប្រាប់លោកពូទីនថា EU នឹងមិនដាក់ចេញ “សន្តិភាពតាមការកំណត់” លើអ៊ុយក្រែនដោយការទាមទារថា ទីក្រុងគៀវ ត្រូវធ្វើសម្បទានដើម្បីបញ្ចប់ជម្លោះ។

លោក Scholz ក៏បានអំពាវនាវឲ្យក្រុងម៉ូស្គូ ដកទ័ពខ្លួនចេញពីទឹកដី អ៊ុយក្រែន ហើយឈានដល់កិច្ចព្រមព្រៀងមួយ ដែលអាចទទួលយក បានពីក្រុងគៀវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top