ព័ត៌មានអន្តរជាតិ

យុទ្ធនាការ ប្រឆាំងអំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព របស់ប្រទេសចិន គឺជាគំរូដ៏ល្អ សម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍នានា

កិច្ចខិតខំប្រឹងប្រែង របស់បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សម្រេចបានលទ្ធផលដ៏ល្អ គួរឲ្យកោតសសើរ។

ការប្រយុទ្ធប្រឆាំង អំពើពុករលួយ គឺជារឿងស្មុគស្មាញ និងជួបប្រទះនូវឧបសគ្គជាច្រើន ដែលធ្វើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំង អំពើពុករលួយនានា កម្រនឹងទទួលជោគជ័យ។ នៅក្នុងបរិបទបែបនេះ បទពិសោធន៍ នៃការបង្ក្រាបអំពើពុករលួយ ប្រកបដោយប្រសិទ្ធភាពដោយ រដ្ឋាភិបាលចិន ពិតជាទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រទេសនានា នៅជុំវិញពិភពលោក ដោយបទពិសោធន៍ របស់ប្រទេសចិននេះ អាចធ្វើជាគំរូនៃការប្រយុទ្ធប្រឆាំង អំពើពុករលួយ ដែលប្រទេសនានា អាចរៀនសូត្រនិងយកទៅអនុវត្ត នៅក្នុងប្រទេសរបស់ខ្លួន។

កត្តាដ៏ចម្បង ដែលធ្វើឲ្យយុទ្ធនាការប្រឆាំង អំពើពុករលួយរបស់ប្រទេសចិន ទទួលបានជោគជ័យ គឺឆន្ទៈមោះមុតដាច់ខាត របស់បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន ក្នុងការលុបបំបាត់ អំពើពុករលួយ។ បក្សកុម្មុយនីស្តចិន បានប្រកាសជាសាធារណៈថា អាទិភាពចម្បងរបស់បក្ស និងរដ្ឋាភិបាល គឺការប្រយុទ្ធប្រឆាំង អំពើពុករលួយ និងបានប្រកាន់យកគោល វិធីដែលមានលក្ខណៈ ជាប្រព័ន្ធដើម្បីលុបបំបាត់ អំពើពុករលួយ។

ការលុបបំបាត់អំពើពុករលួយ គឺជាមូលដ្ឋានគ្រឹះដែលធានាថា ប្រទេសចិនអាចនឹងសម្រេច ជោគជ័យនូវគោលដៅប្រចាំ សតវត្សរ៍ទាំងពីររបស់ខ្លួន។

លោក Xi Jinping ដែលជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន ធ្លាប់មានប្រសាសន៍ ដោយសង្កត់ធ្ងន់ ទៅលើការប្ដេជ្ញាចិត្ត មោះមុត និងដាច់ខាត របស់ប្រទេសចិន ក្នុងការពង្រឹងនិងបង្កើន ការត្រួតពិនិត្យកម្មាភិបាលបក្ស និងមន្ត្រីក្នុងជួរដ្ឋាភិបាល ដែលប្រសាសន៍នេះ សបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈមោះមុត ក្នុងការលុបបំបាត់ អំពើពុករលួយ និងប្រកាន់យកនូវគោលជំហរ មិនអត់ឱនដាច់ខាត ចំពោះអំពើពុករលួយ។ ដោយសារតែការប្ដេជ្ញាចិត្ត ដ៏មោះមុតរបស់បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន វប្បធម៌មិនអត់ឱន ដាច់ខាត ចំពោះអំពើពុករលួយ បានរីកសាយភាយ និងចាក់ឬសយ៉ាងរឹងមាំ នៅក្នុងផ្នត់គំនិត របស់ប្រជាជនចិន និងធ្វើឲ្យប្រជាជនចិន ទាំងអស់ គាំទ្រយ៉ាងខ្លាំងក្លា ចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំង អំពើពុករលួយ។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលចិន ធ្វើការស៊ើបអង្កេតយ៉ាងតឹងរ៉ឹង ទៅលើគ្រប់មន្ត្រីដែលត្រូវសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយទាំងអស់ ដោយពុំមានការលើកលែង និយាយម្យ៉ាងទៀត ទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីថ្នាក់ទាប ដែលត្រូវសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ នឹងត្រូវស៊ើបអង្កេត យ៉ាងម៉ត់ចត់ ដោយពុំមានការលើកលែង។ ទន្ទឹមនឹងនេះ ដើម្បីធានាថាអ្នកប្រព្រឹត្តអំពើពុករលួយនឹងមិនអាចរត់គេចខ្លួនផុតពីប្រព័ន្ធយុត្តិធម៌របស់ចិន រដ្ឋាភិបាលចិនបានអនុវត្តប្រតិបត្តិការ “ប្រមាញ់ចចក” (Fox Hunt) និងប្រតិបត្តិការ “សំណាញ់មេឃ” (Sky Net) ប្រកបដោយប្រសិទ្ធភាពដើម្បីតាមចាប់ខ្លួនមន្ត្រីពុករលួយដែលបានរត់គេចខ្លួនទៅរស់នៅឯ បរទេស។

ជាឧទាហរណ៍ ស្ថិតិដែលត្រូវបានចេញផ្សាយដោយ គណៈកម្មាធិការមជ្ឈិមសម្រាប់ការត្រួតពិនិត្យផ្នែកវិន័យ ដែលជាស្ថាប័នកំពូល របស់ប្រទេសចិន ដែលទទួលបន្ទុក ប្រយុទ្ធប្រឆាំងអំពើពុករលួយ បានបង្ហាញថា នៅក្នុងឆ្នាំ២០២០ កន្លងទៅ អ្នកប្រព្រឹត្តអំពើពុករលួយ ដែលបានរត់គេចខ្លួន ទៅរស់នៅឯបរទេសចំនួន ១,៤២១នាក់ ត្រូវបានចាប់ខ្លួននឹងត្រូវបញ្ជូន ត្រឡប់មកកាន់ប្រទេសចិនវិញនៅក្នុងប្រតិបត្តិការទាំងពីរនេះ ហើយទឹកប្រាក់នៃការប្រព្រឹត្ត អំពើពុករលួយចំនួនជាង ៤៥០លានដុល្លារអាមេរិក ត្រូវបានរឹបអូសយកត្រឡប់មកវិញ។ និយាយជារួម ប្រតិបត្តិការទាំងពីរនេះ មានតួនាទីដ៏សំខាន់ ក្នុងការបន្ទុចបង្អាក់ រារាំងមន្ត្រីនានា កុំឲ្យមានបំណង ប្រព្រឹត្តអំពើពុករលួយ ដែលនេះគឺជាកត្តាដ៏សំខាន់មួយ ដែលធ្វើឲ្យយុទ្ធនាការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសចិន ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់។

ប្រទេសនានាដែលកំពុង ជួបប្រទះបញ្ហាដ៏ស្មុគ្រស្មាញនេះ និងមានបំណងលុបបំបាត់ អំពើពុករលួយ នៅក្នុងប្រទេសរបស់ខ្លួន អាចរៀនសូត្រពីបទពិសោធន៍ ជោគជ័យរបស់ប្រទេសចិន និងយកបទពិសោធន៍ទាំងនេះ ទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top