ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងដាក់ពង្រាយ ប្រព័ន្ធមីស៊ីលឆ្លងទ្វីប Sarmat ដែលជាប្រព័ន្ធមីស៊ីល ដំបូងបំផុត នៅចុងឆ្នាំនេះ 

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធមីស៊ីលឆ្លងទ្វីប Sarmat ដំបូងបង្អស់របស់ប្រទេសនឹងចូលបម្រើការប្រយុទ្ធនៅចុងឆ្នាំនេះ។

លោក ពូទីន បានឲ្យដឹងអំឡុងពេលជួបជាមួយនិស្សិតបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសភាថា “យើងនឹងបន្តអភិវឌ្ឍ និងពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់យើង ដោយគិតគូរពីការគំរាមកំហែងផ្នែកយោធា និងហានិភ័យ”។

លោក ពូទីន បានបន្ដថា វាជារឿងសំខាន់ក្នុងការបំពាក់កងទ័ពជាមួយនឹងប្រព័ន្ធសព្វាវុធទំនើប ព្រោះនេះនឹងកំណត់យ៉ាងទូលំទូលាយនូវសមត្ថភាពប្រយុទ្ធរបស់កងទ័ពរុស្ស៊ី សម្រាប់រាប់ទសវត្សរ៍ខាងមុខ។

លោកបានបន្ថែមថា ប្រទេសរុស្ស៊ីបានធ្វើតេស្តដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីប Sarmat ថ្មីរបស់ខ្លួនរួចហើយ ដោយបន្ថែមថាប្រព័ន្ធមីស៊ីលដំបូងគេនឹងត្រូវដាក់ពង្រាយនៅចុងឆ្នាំនេះ។

មេដឹកនាំរុស្ស៊ីបានបញ្ជាក់បន្ថែមថា កងទ័ពត្រូវបានបំពាក់រួចជាស្រេចជាមួយនឹងប្រព័ន្ធការពារដែនអាកាស និងមីស៊ីល S-500 ដែល “មិនមានមីស៊ីលណាប្រដូចបានឡើយ នៅលើពិភពលោក”៕ប្រែសម្រួល ឈូក បូរ៉ា

To Top