តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មាននិស្សិត អ៊ីរ៉ង់ បានរាយការណ៍ថា បេសកជនអង្គការ សហប្រជាជាតិ របស់អ៊ីរ៉ង់បានលើកឡើងថា សាធារណរដ្ឋអ៊ីស្លាម ថ្កោលទោស ការដាក់ទណ្ឌកម្ម ដោយរដ្ឋាភិបាលមួយចំនួនថា ជាឥទ្ធិពលនយោបាយ នៅក្នុងទំនាក់ទំនងទ្វេភាគី របស់ពួកគេ។
ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ លោក Majid Takht-Ravanchi បានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ ដោយលើកឡើងថា វិធានការបែបនេះ ក៏ជាឧបសគ្គចម្បង សម្រាប់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដែលមានគោលបំណងផ្តល់ ជំនួយមនុស្សធម៌ផងដែរ ។
លោក Takht-Ravanchi បានកត់សម្គាល់ថា រាល់គោលការណ៍ទាំងអស់ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី របស់ប្រទេសនានា ត្រូវតែគោរពតាមរដ្ឋ និងអង្គការជំនួយមនុស្ស ធម៌ទាំងអស់។
សហគមន៍អន្តរជាតិ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មី និងផ្លាស់ប្តូរ រួមទាំងគ្រោះមហន្តរាយធម្មជាតិ ជម្លោះប្រដាប់អាវុធ ការកាន់កាប់របស់បរទេស ជំងឺរាតត្បាតកូវីដ-១៩ និងវិធានការ បង្ខិតបង្ខំឯកតោភាគី ដែលបានកាត់បន្ថយសមត្ថភាព របស់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហានៃរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយ។
អ៊ីរ៉ង់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាច ពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការ ទប់ស្កាត់មួយចំនួនលើកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ទោះយ៉ាងណាក៏ដោយ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគី ឡើងវិញលើប្រទេសអ៊ីរ៉ង់ ៕