ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង អំពាវនាវ ឱ្យមានការដឹកនាំ ការអភិវឌ្ឍពិភពលោក ទៅកាន់យុគសម័យ ថ្មី

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យដឹកនាំការអភិវឌ្ឍន៍សកលលោក ទៅកាន់យុគសម័យថ្មីមួយ នៅពេលដែលលោកបានថ្លែងសុន្ទរកថា គន្លឹះជាទម្រង់និម្មិត នៅឯពិធីបើកវេទិកាធុរកិច្ច BRICS ។

ដោយកត់សម្គាល់ថា ការអភិវឌ្ឍន៍ គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាលំបាកផ្សេងៗ និងផ្តល់ជីវិតកាន់តែប្រសើរឡើង ដល់ប្រជាជន លោក ស៊ី បានលើកឡើងថា “យើង គួរតែឆ្លើយតប ទៅនឹងការព្រួយបារម្ភរបស់ប្រជាជន បន្តផលប្រយោជន៍ធំ របស់ប្រទេសទាំងអស់ និងដឹកនាំការអភិវឌ្ឍន៍ សកលលោកទៅកាន់យុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍ដល់ទាំងអស់គ្នា”។

លោក ស៊ី បានបន្ដថា សព្វថ្ងៃនេះ ដំណើរការអភិវឌ្ឍន៍ពិភពលោក បានជួបឧបសគ្គធំៗ សន្ទុះនៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិ កំពុងចុះខ្សោយ ហើយគម្លាត នៃការអភិវឌ្ឍន៍ រវាងខាងជើង និងខាងត្បូងនៅតែបន្តពង្រីក ដោយលោកបានបន្ថែមថា អ្វីដែលសម្រេច បាននៅក្នុងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយភាពក្រីក្រសកលជាច្រើន ទសវត្សរ៍អាច ត្រូវបាត់បង់។

នៅពេលពន្យល់ ពីគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលលោក ដែលលោកបានដាក់ចេញ កាលពីឆ្នាំមុន លោក ស៊ី បានលើកឡើងថា លោកបានអំពាវនាវ ឱ្យប្រទេសទាំងអស់អនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព បង្កើតការរួបរួម ស្មើភាព តុល្យភាព និងរួមបញ្ចូលភាពជាដៃគូ អភិវឌ្ឍន៍សកល ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងជួរដ៏ធំទូលាយមួយ។ វិស័យដូចជា ការកាត់បន្ថយភាពក្រីក្រ សុខភាពសាធារណៈ ការអប់រំ ការតភ្ជាប់ឌីជីថល និងឧស្សាហូបនីយកម្ម។

លោកបានលើកឡើងពីតម្រូវការ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីការពារសន្តិសុខស្បៀង និងថាមពលឱ្យកាន់តែប្រសើរឡើង ចាប់យកឱកាស ដែលបង្ហាញដោយបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឧស្សាហកម្ម និងចូលរួមកិច្ច សហប្រតិបត្តិការលើការ ឆ្លើយតបនឹងជំងឺកូវីដ-១៩៕ប្រែសម្រួល ឈូក បូរ៉ា

To Top