សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបន្តធ្វើជាអធិបតីក្នុងថ្ងៃទី ២ នៃកិច្ចប្រជុំគណបក្សធំៗ របស់ប្រទេស ស្តីពីគោលនយោបាយយោធា និងការពារជាតិរបស់ខ្លួន កាលពីថ្ងៃពុធ សារព័ត៌មានរដ្ឋបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានក្តីបារម្ភជុំវិញការសាកល្បង នុយក្លេអ៊ែរ ដ៏មានសក្តានុពលនោះ ។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ (KCNA) បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ភាគីបានពិភាក្សា អំពីការបន្ថែមភារកិច្ច ប្រតិបត្តិការ របស់អង្គភាពជួរមុខ ការកែប្រែផែនការប្រតិបត្តិការ និងការរៀបចំ រចនាសម្ព័ន្ធអង្គភាពយោធា សំខាន់ៗឡើងវិញ ។ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា លោក គីម បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាព ប្រតិបត្តិការរបស់អង្គភាពជួរមុខ។
កិច្ចប្រជុំនេះកំពុងត្រូវបានឃ្លាំមើល យ៉ាងដិតដល់ ព្រោះថាវាអាចផ្តល់តម្រុយ អំពីពេលវេលា នៃការសាកល្បងនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងត្រូវបានគេមើលឃើញថា បានរៀបចំជាច្រើនសប្តាហ៍មកហើយ ។ មន្ត្រីកូរ៉េខាងត្បូង បានលើកឡើងថា ការធ្វើតេស្តនេះអាចកើតឡើង នៅពេលណាក៏បាន ហើយពេលវេលានឹងត្រូវបាន សម្រេចដោយលោក គីម ។
ប៉ុន្តែមន្ត្រីម្នាក់ នៅការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធបានលើកឡើងថា លោកគិតថា ប្រទេសកូរ៉េខាងជើង អាចនឹងពន្យារពេលនូវអ្វី ដែលនឹងក្លាយជាការសាកល្បងនុយក្លេអ៊ែរ លើកទី៧ របស់ខ្លួន ក្នុងការពិចារណា លើប្រតិទិននយោបាយ របស់ប្រទេសចិន និងស្ថានភាពជំងឺកូវីដ-១៩របស់ប្រទេសនេះ ។
គួររំលឹកថា លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំយោធា ដែលទីភ្នាក់ងារ KCNA បានរាយការណ៍ថា នឹងពិភាក្សាអំពីការងារសំខាន់ៗដើម្បីបង្កើនមុខងារ និងតួនាទីរបស់គណៈកម្មាការ យោធា គ្រប់កម្រិត ព្រមទាំងខ្សែគោលនយោបាយ យោធា និងគោលនយោបាយការពារជាតិ សំខាន់ៗរបស់បក្ស ។
កាលពីឆ្នាំមុន លោក គីម បានដាក់ចេញនូវផែនការអភិវឌ្ឍន៍យោធា ដែលរួមមានគ្រាប់បែកនុយក្លេអ៊ែរតូចៗ មីស៊ីលលឿនជាងសំឡេង ផ្កាយរណបចារកម្ម និងយន្តហោះគ្មានមនុស្សបើកថែមទៀតផង ៕
ដោយ៖ ម៉ៅ បុប្ផាមករា