ប៉េកាំង ៖ បេសកជន ចិន បានអំពាវនាវ ដល់សហគមន៍ អន្តរជាតិ ឲ្យបង្កើនការគាំទ្រ ដល់ប្រទេស អាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
អាហ្វហ្គានីស្ថាន ស្ថិតក្នុងដំណាក់កាលសំខាន់ នៃការផ្លាស់ប្តូរពីភាពវឹកវរ ទៅជាអភិបាលកិច្ច ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ចាប់តាំងពីការកាន់កាប់ របស់ពួកតាលីបង់ ក្នុងខែសីហា ឆ្នាំ២០២១ ស្ថានភាពនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នៅតែមានស្ថេរភាពទាំងស្រុង ខណៈដែលវិស័យមនុស្សធម៌ និងសេដ្ឋកិច្ចកំពុងប្រឈមមុខ នឹងបញ្ហាប្រឈមដ៏គួរឱ្យភ័យខ្លាចបំផុត។
អាហ្វហ្គានីស្ថាននៅតែមានផ្លូវវែងឆ្ងាយ ដើម្បីឈានទៅរកសន្តិភាព និងការអភិវឌ្ឍន៍។ ប្រជាជនអាហ្វហ្គានីស្ថាន មិនគួរត្រូវបានបំភ្លេចចោលទេ។ ហើយ វាជាបន្ទុក លើសហគមន៍ អន្តរជាតិ ក្នុងការផ្តល់ ការគាំទ្រ និងជំនួយបន្ថែមទៀត លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ។
លោកបានលើកឡើងថា វាមានសារៈសំខាន់ ក្នុងការពង្រឹងការចូលរួមក្នុងន័យស្ថាបនា ដើម្បីគាំទ្រប្រទេស អាហ្វហ្គានីស្ថាន ក្នុងការសម្រេចបាន នូវការគ្រប់គ្រងរដ្ឋប្រកប ដោយស្វយ័តភាព និងមានប្រសិទ្ធភាព។
មេរៀនរយៈពេល ២០ឆ្នាំកន្លងមកនេះ បានបង្ហាញថា អន្តរាគមន៍យោធា និងគំរូបរទេសនឹងមិនដំណើរការ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាននោះទេ។ ភាគីទាំងអស់គួរ តែប្រកាន់យកគោលការណ៍ ដែលគ្រប់គ្រង ដោយអាហ្វហ្គានីស្ថាន និងដឹកនាំដោយអាហ្វហ្គានីស្ថាន ពង្រឹងទំនាក់ទំនង ជាមួយរដ្ឋាភិបាល បណ្តោះអាសន្ន អាហ្វហ្គានីស្ថានក្នុងលក្ខណៈជាក់ស្តែង ណែនាំដោយអត់ធ្មត់ និងគាំទ្រ ការបង្រួបបង្រួមជាតិ និង ឯកភាពផ្ទៃក្នុង អាហ្វហ្គានីស្ថាន និងស្វែងរកគំរូអភិបាលកិច្ច ដែលសមស្របនឹងលក្ខខណ្ឌជាតិ របស់ប្រទេសអាហ្វហ្គានីស្ថាន ។ លោក Zhang បានបន្ថែមថា នេះគួរតែជាដំណើរ ការជំរុញផ្ទៃក្នុង និងរីកចម្រើន ដែលទាមទារអាកប្បកិរិយាឆ្ពោះទៅមុខ និងការអត់ធ្មត់ចាំបាច់ ៕ប្រែសម្រួល ឈូក បូរ៉ា