ព័ត៌មានអន្តរជាតិ

បទវិភាគ៖ តើពិភពលោក នឹងវិវឌ្ឍរីកចម្រើន ទៅរកទិសដៅយ៉ាងណា ? 

ប្រទេសចិន បានផ្តល់ចម្លើយតាមរយៈការអនុវត្តជាក់ស្ដែង “តើពិភពលោកនឹងវិវឌ្ឍរីកចម្រើន ទៅរកទិសដៅយ៉ាងណា ? សន្តិភាពឬសង្រ្គាម ? ការអភិវឌ្ឍឬការថមថយចុះ ? ការបើកទូលាយឬការបិទទ្វារ ? កិច្ចសហប្រតិបត្តិការឬការតតាំងគ្នា ?”ក្នុងពិធីសម្ពោធវេទិកាឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេស BRICS ដែលធ្វើឡើងនៅយប់ថ្ងៃទី ២២ ខែមិថុនា “សំណួរយុគសម័យ” ដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងពេលថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ គួឱ្យយើងមានចំណាប់អារម្មណ៍ និងការគិតពិចារណាយ៉ាងជ្រាលជ្រៅ ។

“យើងត្រូវសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីគាំពារសន្តិភាព និងស្ថិរភាពនៃពិភពលោក ” “យើងត្រូវជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍជាសកល ប្រកបដោយនិរន្តរភាពជាមួយគ្នា” “យើងត្រូវរួមសុខរួមទុក្ខដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ” “យើងត្រូវប្រកាន់ខ្ជាប់ភាពបរិយាប័ន្ន និងភាពរួមបញ្ចូលគ្នាដើម្បីរួមគ្នា ពង្រីកការបើកទូលាយនិងការចុះសម្រុងគ្នា” គំនិតផ្តួចផ្តើម ៤ ចំណុចដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនេះ បានបញ្ចេញព័ត៌មានយ៉ាងលេចធ្លោថា ចិននឹងគាំពារសន្តិភាព និងជំរុញការអភិវឌ្ឍ ក៏ដូចជាឆ្លុះបញ្ចាំងពីក្តីបំណងរួម របស់ប្រជាជននៃប្រទេសនានា ហើយក៏បានផ្តល់ចម្លើយដោយគ្រប់ជ្រុងជ្រោយ ចំពោះ”សំណួរយុគសម័យ”ផងដែរ ។ ទាក់ទិននឹងរឿងនេះ លោក Manuel Flores អតីតសមាជិករដ្ឋសភាសាល់វ៉ាឌ័រ បានវាយតម្លៃថា សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping បានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍរបស់ពិភពលោក ។

បើថ្លែងអំពីការអភិវឌ្ឍ លក្ខខណ្ឌចម្បងគឺត្រូវមានសុវត្ថិភាព ។ នេះគឺជាមូលហេតុសំខាន់ ដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមខាងសន្តិសុខ ជាសកលក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន ។ ក្នុងសុន្ទរកថាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានរំលឹកឡើងវិញ នូវសង្គ្រាមលោកទាំងពីរ លើកនិងការបដិបក្ខគ្នា ដែលមនុស្សជាតិបានឆ្លងកាត់ជាបន្តបន្ទាប់ដោយលើកឡើងថា វិបតិ្តអ៊ុយក្រែននាពេលបច្ចុប្បន្ន បានផ្តល់ការព្រមានដល់ពិភពលោក ពោលគឺ អំពាវនាវឱ្យសហគមន៍អន្តរជាតិលុបបំបាត់ទស្សនផលបូកសូន្យ ក៏ដូចជារួមគ្នាប្រឆាំង នឹងអនុត្តរភាពនិយម និងអំណាចផ្តាច់ការខាងនយោបាយ  ធ្វើឱ្យពន្លឺព្រះអាទិត្យដែលពោរពេញ ទៅដោយសន្តិភាពបំភ្លឺពិភពលោក ។

សូមបញ្ជាក់ថា ពាក្យសំដីទាំងនេះមិនត្រឹមតែ បានបង្ហាញពីមូលហេតុចម្បង នៃការកើតមានឱនភាពផ្នែកសន្តិភាព នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវផែនការ សម្រាប់ដោះស្រាយឱនភាពនេះ ដែលមានលក្ខណៈចំគោលដៅជាក់ស្តែង យ៉ាងខ្លាំង ដូច្នេះហើយ វាទទួលបានប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ ។

ការអភិវឌ្ឍជាមធ្យោបាយគន្លឹះ សម្រាប់ដោះស្រាយបញ្ហាទាំងអស់ ហើយក៏ជាប្រធានបទសំខាន់ នៃកិច្ចជំនួបនៃអ្នកដឹកនាំប្រទេស BRICS លើកនេះផងដែរ ។ ឆ្នាំនេះ ប្រទេសចិនធ្វើជាប្រធាន នៃកិច្ចប្រជុំកំពូលប្រទេស BRICS ម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល ៥ ឆ្នាំ ។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសរុប រវាងប្រទេសចិន និងប្រទេស BRICS បានឡើងដល់ ៤៩០,៤២ ពាន់លានដុល្លារអាមេរិកដែលបានកើនឡើង ៣៩,២ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០ ។ កិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS គឺជាភាពជោគជ័យ នៃពហុភាគីនិយម ហើយក៏ជាលទ្ធផលជាផ្លែផ្កា នៃការប្រកាន់ខ្ជាប់នូវ”ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព” “ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល”និង”ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន” ចំណែកឯប្រការទាំងនេះសុទ្ធតែជាខ្លឹមសារគន្លឹះ នៃគំនិតផ្តួចផ្តើមផ្នែកសន្តិសុខជាសកល ហើយក៏ជាសក្សី នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជំរុញ ការបង្កើតសហគមន៍រួមអភិវឌ្ឍន៍ជាសកលផងដែរ ។

គួររំលឹកផងដែរថា តើពិភពលោកនឹងវិវឌ្ឍរីកចម្រើន ទៅរកទិសដៅយ៉ាងណា ? ប្រទេសចិនបានផ្តល់ចម្លើយ តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួនរួចហើយ។ បន្ទាប់មក ឱ្យតែប្រទេស BRICS មានគោលបំណងដូចគ្នា រួមសុខរួមទុក្ខនិងរួមសហការជាមួយគ្នា នោះ វាមិនត្រឹមតែនឹងធ្វើឱ្យ កិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS នឹងទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងធ្វើឱ្យសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ទទួលបានកម្លាំងវិជ្ជមាន កាន់តែច្រើនផងដែរ ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top