យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការរួមបញ្ចូលឡើងវិញ នូវផលិតផលអាហារ និងជីពីអ៊ុយក្រែន និងរុស្ស៊ីទៅក្នុងទីផ្សារពិភពលោក។
នៅក្នុងសារជាវីដេអូ សម្រាប់សន្និសីទថ្នាក់ រដ្ឋមន្ត្រីនៅទីក្រុងប៊ែកឡាំង ស្តីពីសន្តិសុខស្បៀងពិភពលោក លោក Guterres បានព្រមានថាគ្រោះទុរភិក្សជាច្រើន អាចត្រូវបានប្រកាសនៅឆ្នាំ២០២២ ហើយឆ្នាំ២០២៣ អាចកាន់តែអាក្រក់ទៅៗ។
ការចំណាយចម្បងសម្រាប់កសិករគឺជី និងថាមពល។ តម្លៃជី បានកើនឡើងជាងពាក់កណ្តាល ក្នុងឆ្នាំកន្លងទៅ ហើយតម្លៃថាមពល កើនជាងពីរភាគបី។ លោកបានលើកឡើងថា ការប្រមូលផលទាំងអស់ នឹងរងផលប៉ះពាល់ រួមទាំងស្រូវ និងពោត ដែលប៉ះពាល់ដល់មនុស្ស រាប់ពាន់លាននាក់នៅទូទាំងអាស៊ី អាហ្រ្វិក និងអាមេរិក។
លោកបន្ដថា “បញ្ហានៃការទទួលបាន ស្បៀងអាហារនៅឆ្នាំនេះ អាចក្លាយជាការខ្វះខាតស្បៀងអាហារ សកលនៅឆ្នាំក្រោយ។ គ្មានប្រទេសណាមួយដែល នឹងមានភាពស៊ាំទៅនឹងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចនៃមហន្តរាយបែបនេះទេ”។
លោកបានបន្ថែមថា វិបត្តិបច្ចុប្បន្នហួសពីអាហារ ហើយទាមទារវិធីសាស្រ្តពហុភាគី សម្របសម្រួល ជាមួយនឹងដំណោះស្រាយពហុវិមាត្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមទៀតថា វាមិនអាចមានដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ចំពោះវិបត្តិស្បៀងអាហារសកលទេ ប្រសិនបើមិនមានការធ្វើ សមាហរណកម្មឡើងវិញនូវផលិតកម្ម ស្បៀងរបស់អ៊ុយក្រែន ក៏ដូចជាអាហារ និងជី ដែលផលិតដោយរុស្ស៊ី ទៅក្នុងទីផ្សារពិភពលោក បើទោះបីជាជម្លោះកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា