ព័ត៌មានអន្តរជាតិ

អ្នកជំនាញអាមេរិក៖ កូរ៉េ​ខាង​ជើង កំពុងសម្លឹង​មើល រក​ឱកាសបង្ក​ហេតុ

វ៉ាស៊ីនតោន៖ កូរ៉េ​ខាងជើង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់​បន្ថែម​ទៀត​ ជាមួយ​នឹង​ទង្វើ​បង្កហេតុ​បន្ថែម​ទៀត ដោយ​រីករាយ​នឹង​ការ​គាំទ្រ​ដោយ​មិន​ច្បាស់លាស់ ​ពី​ប្រទេស​ចិន​និង​រុស្ស៊ី​ នេះ​បើ​តាម​អតីត​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់។  

ជាក់ស្តែងទីក្រុងព្យុងយ៉ាង កំពុងស្វែងរកកេងប្រវ័ញ្ច ការប្រកួតប្រជែងអនុត្តរភាពកាន់តែខ្លាំង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន និងជម្លោះជុំវិញសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន នេះបើយោងតាមលោក Daniel Russel ដែលបានបម្រើការជាជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្រោមរដ្ឋបាលលោក Barack Obama ។

លោកបានលើកឡើងថា “ទីក្រុងព្យុងយ៉ាងយល់ថា គ្មានឱកាសដែលទីក្រុងប៉េកាំង ឬទីក្រុងមូស្គូ នឹងចូលរួមជាមួយ ការដាក់ទណ្ឌកម្មពីលោកខាងលិចណាមួយ លើកូរ៉េខាងជើងនោះឡើយ បើទោះបីជាកូរ៉េខាងជើង ធ្វើការសាកល្បងនុយក្លេអ៊ែរ លើកទី៧ ឬបាញ់មីស៊ីលផ្លោងអន្តរទ្វីបក៏ដោយ” នៅពេលលោកបានចូលរួមវេទិកា សន្តិភាពទីក្រុងសេអ៊ូលប្រចាំឆ្នាំ ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ និងក្រសួងបង្រួបបង្រួម។

លោក Russel បច្ចុប្បន្នជាអនុប្រធាន ផ្នែកសន្តិសុខអន្តរជាតិ និងការទូតនៅវិទ្យាស្ថាន គោលនយោបាយសង្គមអាស៊ី ត្រូវបានគេស្គាល់ថាជាអ្នកជំនាញរបស់គាត់ លើបញ្ហាក្នុងតំបន់ ជាពិសេសកិច្ចការអាស៊ីឦសាន។

លោកបានលើកឡើងថា កូរ៉េខាងជើង ទំនងជាកំពុងឆ្ពោះទៅរក រយៈពេលមួយទៀត នៃការបង្កហេតុដោយបន្ថែមថា មេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន ឥឡូវនេះដឹងយ៉ាងច្បាស់ថាលោកអាច “ពឹងផ្អែកលើប្រទេសចិន និងរុស្ស៊ីឱ្យអត់ធ្មត់ និងការពារលោកច្រើនជាងពេលមុនៗ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top