ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ព័ន្ធមិត្ត ចាប់ផ្តើមសម្ព័ន្ធភាពថ្មី នៅប៉ាស៊ីហ្វិក

បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ និងចក្រភពអង់គ្លេស បានបង្កើតក្រុមថ្មីមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ជាមួយបណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ សមាជិកបាននិយាយថា សម្ព័ន្ធភាពក្រៅផ្លូវការដែលមានឈ្មោះថា Partners in the Blue Pacific (PBP) មានគោលបំណងបង្កើនប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ពួកគេ “ដើម្បីគាំទ្រភាពរុងរឿង ភាពធន់ និងសន្តិសុខ” នៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍បានអានថា ក្រុមនេះនឹងប្រតិបត្តិការ “យោងទៅតាមគោលការណ៍ នៃតំបន់ប៉ាស៊ីហ្វិក អធិបតេយ្យភាព តម្លាភាព គណនេយ្យភាព ហើយភាគច្រើននឹងត្រូវបានណែនាំ និងដឹកនាំដោយកោះប៉ាស៊ីហ្វិក”។

គោលដៅស្នូលរបស់ PBP ក៏រួមបញ្ចូលផងដែរ នូវការពង្រីកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក និងប្រទេសដទៃទៀត នៃពិភពលោក៕ ប្រែសម្រួលៈ ណៃ តុលា

To Top