ព័ត៌មានអន្តរជាតិ

រុស្ស៊ី សាកល្បងអាវុធ ឡាស៊ែរសម្ងាត់ ដោយជោគជ័យ ដែលអាចបាញ់ទម្លាក់ យន្តហោះដ្រូន ចម្ងាយ៥គីឡូម៉ែត្រ

ម៉ូស្គូ៖ រុស្សីបានបង្ហើបថា ខ្លួនកំពុងប្រើប្រាស់អាវុធឡាស៊ែរជំនាន់ថ្មី ដែលមានកម្លាំងខ្លាំង អាចកំទេចយន្តហោះដ្រូន ទៅជាផេះបានពីចម្ងាយរហូតដល់ ៥គីឡូម៉ែត្រ។ ប៉ុន្តែនោះមិនមែនជា អាវុធដ៏គួរឲ្យខ្លាច តែមួយគត់ ដែល ជនជាតិរុស្ស៊ី អះអាងថាពួកគេ មាននៅក្នុងដៃនោះទេ។

វាហាក់បីដូចជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងដាក់ពង្រាយអាវុធសម្ងាត់ ជាច្រើន ដើម្បីទប់ទល់នឹងឥទ្ធិពល អាវុធ របស់លោកខាងលិចនៅអ៊ុយក្រែន។

នៅក្នុងឆ្នាំ២០១៨ លោក ពូទីន បានបង្ហាញនូវសព្វាវុធ ជំនាន់ក្រោយ ជាច្រើនប្រភេទដូចជា៖ កាំជ្រួចអន្តរទ្វីប យន្តហោះដ្រូននុយក្លេអ៊ែរ ក្រោមទឹក អាវុធ supersonic និងអាវុធឡាស៊ែរ។

វាត្រូវបានគេដឹងតិចតួចអំពីភាពជាក់លាក់នៃអាវុធឡាស៊ែរថ្មីរបស់រុស្ស៊ី ប៉ុន្តែវាត្រូវបានគេជឿថាជាអាវុធដែលគាត់ធ្លាប់បានហៅថា Peresvet ។

ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកអភិវឌ្ឍន៍យោធា លោក Yury Borisov បានប្រាប់សន្និសីទនៅទីក្រុងមូស្គូថា Peresvet ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយរួចហើយ នេះបើយោងតាមសារព័ត៌មាន Reuters។ លោក Borisov បានលើកឡើងថា អាវុធឡាស៊ែរអាចខ្វាក់ផ្កាយរណបបានរហូតដល់ ១៥០០គីឡូម៉ែត្រពីលើផែនដី។

លោកក៏បានអះអាងដែរថា ការបាញ់សាកល្បង ដោយអាវុធឡាស៊ែរ បានដុតបំផ្លាញយន្តហោះដ្រូន ដែលមានចម្ងាយ ៥គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ ៥វិនាទីប៉ុណ្ណោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top