ព័ត៌មានអន្តរជាតិ

រថភ្លើងមួយខ្សែ បើកធ្លាក់ផ្លូវ នៅអាមេរិក មិនទាន់មានរបាយការណ៍ នៃអ្នកស្លាប់នៅឡើយ

បរទេស៖ រថភ្លើងមួយខ្សែ ដែលមានប្រវែង វែងធ្វើដំណើរដឹកជញ្ជូន ភ្ញៀវចំនួន២៤៣នាក់ និងអ្នកធ្វើការលើរថភ្លើង ២នាក់ផងនោះ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបើកធ្លាក់ផ្លូវនៅរដ្ឋ Missouri សហរដ្ឋអាមេរិក និងបានធ្វើឲ្យមនុស្ស រងរបួសជាច្រើននាក់ ហើយយ៉ាងហោចណាស់៣នាក់ ត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដែលស្ថិតនៅចំងាយ៨០ម៉ាល ពីកន្លែងកើតហេតុ ប៉ុន្តែមិនទាន់មានរបាយការណ៍ថា មានអ្នកស្លាប់ឡើយ។

ខ្សែរថភ្លើង ដែលមានទូសរុបចំនួន៨ និងទូម៉ាស៊ីនចំនួន២ បានធ្វើដំណើរធ្លាក់ផ្លូវ នៅត្រង់ចំណុចតំបន់ Mendon នៅពេលដែលវាបានបើកបុក ជាមួយនឹងរថយន្តមួយគ្រឿង ដែលបើកកាត់ឆ្លងផ្លូវរបស់រថភ្លើង ហើយរថភ្លើងនេះ ត្រូវបានគេដឹងថាជារថភ្លើង ធ្វើដំណើរពីទីក្រុង Los Angeles ទៅកាន់ទីក្រុង Chicago ។

គួរឲ្យដឹងដែរថា Mendo ជាសហគមន៍ នៃអ្នកក្រុមអ្នកធ្វើចំការ ដែលរស់នៅដាច់ស្រយាល ចំងាយប្រមាណជា១៣៥គីឡូម៉ែត្រ ពីទីក្រុង Kansas ហើយមានចំនួនពលរដ្ឋ រស់នៅប្រមាណជា១៦០នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលកើតហេតុនេះ គេសង្កេតឃើញថាពលរដ្ឋក្នុងតំបន់ Mendon ជាច្រើននាក់ បានចូលរួមជួយសង្គ្រោះ អ្នកធ្វើដំណើរមុនពេល ដែលក្រុមការងារសង្គ្រោះ បានមកដល់ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top