បរទេស៖ ទីភ្នាក់ងារច៊ិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសស្រីលង្កា លោក Gotabaya Rajapaksa កាលពីថ្ងៃចន្ទ បានធ្វើការប្រកាសនិងចេញបញ្ជាឲ្យ ក្រុមមន្ត្រីរដ្ឋាភិបាល ក្នុងការទិញយកប្រេងឥន្ធនៈបន្ថែមទៀត នាំចូលមកក្នុងប្រទេស ខណៈដែលបញ្ហាកង្វះខាត ប្រេងសាំង បានកើតឡើង នៅទូទាំងប្រទេស។
ប្រភពដដែលក៏បានសរសេរទៀតដែរថា ទេសាភិបាល នៃធនាគារកណ្តាល របស់ប្រទេសស្រីលង្កា បានយល់ព្រមក្នុងការទូទាត់លុយមួយចំនួន ជាមុនសិន ទៅកាន់ក្រុមហ៊ុន អ្នកលក់ប្រេង ដើម្បីធ្វើយ៉ាងណាអាចនាំចូលប្រេង បន្ថែមទៀត ចូលមកប្រើប្រាស់ នៅក្នុងប្រទេសបណ្តោះអាសន្ន ក្នុងរយៈពេលប៉ុន្មានខែទៀត។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ ស្រីលង្កា បានជំពាក់ថ្លៃប្រេងឥន្ធនៈ សរុបដល់ជាង៧០០លានដុល្លារមកហើយ ជាមួយនឹងក្រុមហ៊ុនជាច្រើន នាពេលកន្លងមក នេះបើយោងតាមការបញ្ជាក់ ពីសំណាក់រដ្ឋមន្ត្រី ក្រសួងកិច្ចការងារ ថាមពលលោក Kanchana Wijesekera។
ក្នុងនោះផងដែរលោកប្រធានាធិបតី ក៏បានរៀបចំកិច្ចប្រជុំមួយ ជាមួយនឹងក្រុមអ្នកតំណាង របស់ក្រុមហ៊ុនប្រេងជាច្រើន ដែលជាអ្នករកស៊ី នាំចូលប្រេងនិងផ្គត់ផ្គង់ ដល់ប្រទេសស្រីលង្កា ជាយូរណាស់មកហើយនោះ ខណៈដែលរដ្ឋាភិបាល បានសម្រេចចិត្ត ក្នុងការអនុញ្ញាតិឲ្យ យានយន្ត ដែលប្រើប្រាស់ ក្នុងសេវាកម្មចាំបាច់ប៉ុណ្ណោះ ដែលគួរទទួលបានប្រេងសាំង គ្រប់គ្រាន់ហើយយុទ្ធសាស្ត្រនេះ នឹងបន្តអនុវត្តរហូតដល់ ថ្ងៃទី១០ខែកក្កដា៕
ប្រែសម្រួល៖ស៊ុនលី