ព័ត៌មានអន្តរជាតិ

ធ្លាយឧស្ម័នក្លរីន នៅកំពង់ផែ នៃប្រទេសហ្ស៊កដានី បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១២ និងរបួស២៥១នាក់

ហ្ស៊កដានី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស១២នាក់ បានស្លាប់ និង២៥១នាក់បានរងរបួស នៅក្នុងការលេចធ្លាយឧស្ម័នក្លរីន ចេញពីធុងស្តុកទុក នៅឯកំពង់ផែ Aqaba របស់ប្រទេសហ្ស៊កដានី ។

ការលេចធ្លាយនេះបានកើតឡើង បន្ទាប់ពីធុងមួយដែលពោរពេញ ទៅដោយឧស្ម័នក្លរីន ២៥តោន ដែលត្រូវបាននាំចេញ ទៅកាន់ប្រទេស Djibouti បានធ្លាក់ចុះ ខណៈដែលកំពុងដឹកជញ្ជូន ។

វីដេអូមួយដែលបានបង្ហោះនៅលើ បណ្តាញសង្គម Twitter របស់ទូរទស្សន៍រដ្ឋ Jordan TV បានបង្ហាញពីធុងស្តុកទុកមួយបានធ្លាក់ពីកប៉ាល់១គ្រឿង ហើយបានធ្លាក់ចូល ទៅក្នុងនាវានៃនាវាដឹកជញ្ជូន បន្ទាប់មកមានឧស្ម័ន ពណ៌លឿង បានភាយប៉ើងឡើង ទៅលើអាកាស ខណៈដែលមនុស្សបានរត់ចេញ ។

មន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ពួកគេរំពឹងថា មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យ គិតត្រឹមថ្ងៃអង្គារនេះ ។

គួរបញ្ជាក់ថា សារធាតុ ក្លរីនគឺជាថ្នាំសម្លាប់មេរោគ និងជាភ្នាក់ងារបន្សុតទឹក ដែលត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ ប៉ុន្តែប្រសិនបើស្រូបចូល ឧស្ម័នប្រែទៅជាអាស៊ីត អ៊ីដ្រូក្លរីច ( hydrochloric) ដែលអាចនាំឱ្យ មានការដុតកម្តៅ នៅខាងក្នុងខ្លួន និងឈ្លក់តាមរយៈការបញ្ចេញប្រតិកម្ម នៃទឹកនៅក្នុងសួត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top