ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសហភាពអឺរ៉ុប អនុម័តបទប្បញ្ញត្តិ ស្តីពីការផ្ទុកឧស្ម័ន

ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានអនុម័តបទប្បញ្ញត្តិមួយ ក្នុងគោលបំណងធានាថា សមត្ថភាពផ្ទុកឧស្ម័ន នៅក្នុងសហភាពអឺរ៉ុប ត្រូវបានបំពេញមុនរដូវរដូវរងា ហើយអាចចែករំលែក រវាងរដ្ឋជាសមាជិក។

បទប្បញ្ញត្តិបានផ្តល់ឱ្យថា ការផ្ទុកឧស្ម័នក្រោមដី នៅលើទឹកដីរបស់រដ្ឋជាសមាជិក ត្រូវតែបំពេញយ៉ាងហោចណាស់ ៨០ភាគរយ នៃសមត្ថភាពរបស់ពួកគេ មុនរដូវរងាឆ្នាំ២០២២/២០២៣ និងដល់ ៩០ភាគរយមុនរដូវរងាបន្ទាប់។ សរុបមក សហភាពអឺរ៉ុប នឹងព្យាយាមរួមគ្នា​ ដើម្បីបំពេញ 85 ភាគរយ នៃសមត្ថភាពផ្ទុកឧស្ម័នក្រោមដី សរុបនៅក្នុងប្លុកនៅឆ្នាំ២០២២ ។

រដ្ឋសមាជិកមួយចំនួន មិនមានកន្លែងស្តុកទុក នៅលើទឹកដីរបស់ពួកគេទេ ដូច្នេះហើយបទប្បញ្ញត្តិផ្តល់ថា ពួកគេគួរតែរក្សាទុក ១៥ភាគរយ នៃការប្រើប្រាស់ឧស្ម័ន ក្នុងស្រុកប្រចាំឆ្នាំរបស់ពួកគេ នៅក្នុងស្តុកដែលមានទីតាំង នៅរដ្ឋសមាជិកផ្សេងទៀត ហើយដូច្នេះមានសិទ្ធិចូលប្រើប្រាស់ ឧស្ម័នបម្រុងទុក នៅក្នុងរដ្ឋសមាជិកផ្សេងទៀត។

ស្នងការអឺរ៉ុបទទួលបន្ទុកថាមពល លោកស្រី Kadri Simson បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំ នៃរដ្ឋមន្ត្រីថាមពលរបស់ប្លុក ដែលបានធ្វើឡើងក្នុងប្រទេសលុចសំបួថា វាជាការចាំបាច់ ដែលបណ្តាប្រទេសនានា បានធ្វើបច្ចុប្បន្នភាពផែនការ បន្ទាន់របស់ពួកគេ ហើយងាកទៅរកមធ្យោបាយផ្សេងទៀត ដើម្បីសន្សំសំចៃឧស្ម័ន។

លោកស្រីបានបន្ថែមថា “ស្ថានភាពកាន់តែយ៉ាប់យ៉ឺន ខណៈពេលដែលការផ្គត់ផ្គង់ឧស្ម័ន ដល់រដ្ឋសមាជិកបច្ចុប្បន្នត្រូវបានធានា សុវត្ថិភាពនៃហានិភ័យ នៃការផ្គត់ផ្គង់គឺធំជាងពេលណាៗទាំងអស់”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top