តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ ចំពោះការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន រយៈពេលពីរទសវត្សរ៍របស់ពួកគេ ដោយលើកឡើងថា វត្តមានរបស់ពួកគេនៅក្នុងប្រទេសនេះ បានគ្មានអ្វីក្រៅពីការសម្លាប់ និងការបំផ្លិចបំផ្លាញនោះឡើយ។
លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំមួយជាមួយនឹងដំណើរទស្សនកិច្ច របស់ប្រធានគណៈកម្មាធិការសេនាធិការចម្រុះ របស់ប្រទេសប៉ាគីស្ថាន Nadeem Raza នៅទីក្រុង Tehran នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។
ដោយសរសើរកិច្ចសហប្រតិបត្តិការ រយៈពេលខ្លីរបស់ប៉ាគីស្ថាន ជាមួយអ៊ីរ៉ង់ក្នុងការធ្វើឱ្យប្រសើរឡើង នូវសន្តិសុខនៅតាមព្រំដែនរួម លោក Raisi បានកត់សម្គាល់ថាទំនាក់ទំនង អំណោយផលរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរ បាននាំឱ្យមានការបង្កើតនូវស្ថានភាព សន្តិសុខសមស្របនៅតំបន់ព្រំដែន។
ប្រធានាធិបតីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ក្រុមតាលីបង់ត្រូវរៀបចំមូលដ្ឋាន សម្រាប់ការធានាសន្តិភាព និងការអភិវឌ្ឍន៍ក្នុងប្រទេសអាហ្វហ្គានីស្ថាន តាមរយៈការបង្កើតរដ្ឋាភិបាលចម្រុះ នៅក្នុងប្រទេស ដោយមានការចូលរួមពីគ្រប់ជនជាតិ និងគ្រប់ក្រុម។
ឧត្តមសេនីយប៉ាគីស្ថានបានលើកឡើងថា លោកតែងតែរក្សាថា អ៊ីរ៉ង់ជាមិត្តជិតស្និទ្ធរបស់ ប្រទេសដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចជាច្រើន របស់មន្ត្រីប៉ាគីស្ថាន ទៅកាន់អ៊ីរ៉ង់ គឺជាភស្តុតាងនៃចំណាប់អារម្មណ៍ របស់ទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងការពង្រីកទំនាក់ទំនង ជាមួយទីក្រុងតេអេរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា