បរទេស ៖ ប្រធានាធិបតី ម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងតស៊ូ ក្នុងការគ្រប់គ្រងព្រំដែន ភាគខាងត្បូង របស់ខ្លួន ដោយបន្ទោសថា “កង្វះការគ្រប់គ្រង” បន្ទាប់ពីជនអន្តោប្រវេសន៍ ជាង 50 នាក់បានស្លាប់ ខណៈដែលត្រូវបានរត់ពន្ធចូលប្រទេស ដែលជាករណីជួញដូរបណ្តាលមនុស្ស ស្លាប់គួរឱ្យខ្លាចបំផុត ក្នុងប្រវត្តិសាស្ត្រ សម័យទំនើបរបស់អាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីជន ចំណាកស្រុករាប់សិបនាក់ ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងត្រាក់ទ័រ សន្តោងក្បែរទីក្រុង San Antonio រដ្ឋតិចសាស់ លោក Obrador បាននិយាយថា ការស្លាប់នេះគឺជា “សោកនាដកម្មដ៏ធំធេង ” ដោយបន្ថែមថា ឧប្បត្តិហេតុបែបនេះ កើតឡើងដោយសារតែភាពក្រីក្រ និងភាពអស់សង្ឃឹម ក៏ដូចជាបរិយាកាសវឹកវរ នៅតាមព្រំដែន ។
លោកប្រធានាធិបតី របស់ម៉ិកស៊ីករូបនេះ បានបន្ថែមថា “វាកើតឡើងដោយសារ តែមានការជួញដូរមនុស្ស និងកង្វះការគ្រប់គ្រង ក្នុងករណីនេះនៅព្រំដែនម៉ិកស៊ិក – សហរដ្ឋអាមេរិក ប៉ុន្តែនៅក្នុងផ្នែកខាងក្នុង របស់សហរដ្ឋអាមេរិកផងដែរ” ៕
ប្រែសម្រួលៈ ណៃ តុលា