ព័ត៌មានអន្តរជាតិ

តើកិច្ចចរចាទីក្រុងដូហា នឹងអាចជួយសង្គ្រោះ កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានដែរទេ?

តេអេរ៉ង់ ៖ អ្នកវិភាគបានឲ្យដឹងថា កិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅរដ្ឋធានីដូហា ប្រទេសកាតា បង្ហាញឱ្យឃើញប្រទេសទាំងពីរ ចែករំលែកឆន្ទៈ ក្នុងការវិលត្រឡប់ ទៅកាន់កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែឧបសគ្គនយោបាយ នៅតែមាន ដូច្នេះវានៅតែត្រូវមើលថា តើលទ្ធផល នៃកិច្ចពិភាក្សាដូហា នឹងផ្តល់អ្វីខ្លះ?

ពីទីក្រុងវីយែន ទៅកាន់ទីក្រុងដូហា ។ កិច្ចពិភាក្សាស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវ បានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលបានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ រវាងអ៊ីរ៉ង់ និងភាគី ដែលនៅសេសសល់ផ្សេងទៀត នៅក្នុងប្រទេសអូទ្រីស ។

រដ្ឋធានីវីយែន ដោយមានការចូលរួម ដោយប្រយោលពីសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានផ្អាកតាំងពីខែមីនា ដោយសារភាពខុសគ្នា រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ជាពិសេសលើអ៊ីរ៉ង់ទាមទារ ឱ្យកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ខ្លួនចេញពី បញ្ជីឈ្មោះអង្គការភេរវករ បរទេសរបស់សហរដ្ឋអាមេរិក។

ការបន្តនៃកិច្ចចរចានេះ ត្រូវបានប្រកាសកាលពីថ្ងៃសៅរ៍ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់ ដោយរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Hossein Amir-Abdollahian និង ដំណើរទស្សនកិច្ច ទៅកាន់ប្រធានគោលនយោបាយ ការបរទេសសហភាព អឺរ៉ុប លោក Josep Borrell ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកការទូតកំពូល របស់សហភាពអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានថា “កិច្ចពិភាក្សារវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប នឹងមិនប្រព្រឹត្តទៅ នៅទីក្រុងវីយែននោះទេ ពីព្រោះពួកគេនឹងមិនស្ថិតក្នុងទម្រង់ P4+1” ដោយសំដៅលើចក្រភព អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់។

ក្រោយមកប្រភពផ្សេងៗ បានបញ្ជាក់ថា ទីក្រុងដូហា នឹងធ្វើជាម្ចាស់ផ្ទះ នៃការចរចាជុំថ្មី។ លោក Mohammad Marandi ទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមចរចាអ៊ីរ៉ង់ ក្នុងកិច្ចចរចានុយក្លេអ៊ែរ បានប្រាប់កាសែត Al Araby Al Jadeed ដែលគ្រប់គ្រងដោយកាតាថា អ៊ីរ៉ង់ជ្រើសរើសកាតា ជាកន្លែងសម្រាប់ចរចា ព្រោះកាតាជាប្រទេសមិត្ត។

លោក Ali Vaez អ្នកជំនាញ លើប្រទេសអ៊ីរ៉ង់នៅ International Crisis Group think tank បានសរសេរនៅលើ Twitter ថា “កិច្ចខិតខំប្រឹងប្រែង របស់សហភាពអឺរ៉ុបដែលដឹកនាំដោយលោក Borrell “ដើម្បីកោះប្រជុំភាគីទាំងពីរនៅកន្លែងតែមួយ ក្នុងពេលជាមួយគ្នា អាចធ្វើឱ្យការផ្លាស់ប្តូរកាន់តែលឿន និងច្បាស់ជាងមុន” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top