ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក មានភាពសក្ដិសមនៃឈ្មោះនៃ “អាណាចក្រនៃការលួចស្តាប់តាមអ៊ីនធឺណិត” និង “អាណាចក្រនៃការលួចសម្ងាត់” ដោយជំរុញឱ្យប្រទេសនេះបញ្ឈប់ សកម្មភាពតាមអ៊ីនធឺណិត ដែលមានគំនិតអាក្រក់របស់ខ្លួនជាបន្ទាន់។
យោងតាមរបាយការណ៍ពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនរបស់ចិន បានរងការវាយប្រហារតាម អ៊ីនធឺណិតពីសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសន្តិសុខជាតិ (NSA) និង NSA បានដំឡើងកម្មវិធី Trojan horse នៅខាងក្នុងប្រព័ន្ធព័ត៌មានសំខាន់ៗ យ៉ាងហោចណាស់ ជាងមួយរយនៅក្នុងប្រទេសចិន។ រហូតមកដល់បច្ចុប្បន្ន កម្មវិធីបែបនេះជាច្រើននៅតែដំណើរការ និងបញ្ជូនព័ត៌មានសម្ងាត់ត្រឡប់ទៅ NSA វិញ។
អ្នកនាំពាក្យ Zhao Lijian បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា “ប្រទេសចិនថ្កោលទោសសកម្មភាព អ៊ីនធឺណែតដ៏អាក្រក់បែបនេះ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ យើងទាមទារឱ្យសហរដ្ឋអាមេរិក ផ្តល់ការពន្យល់ និងបញ្ឈប់ជាបន្ទាន់នូវអាកប្បកិរិយា មិនទទួលខុសត្រូវបែបនេះ” ។
លោក Zhao បានបន្ដថា ដោយកត់សម្គាល់សហរដ្ឋអាមេរិកថា ជាជនល្មើសទម្លាប់ដ៏ល្បីមួយទាក់ទងនឹង ការលួចសម្ងាត់តាមអ៊ីនធឺណិត លោក Zhao បានលើកឡើងថា ក្នុងឆ្នាំ២០២០ ប្រទេសចិនបានចាប់យកគំរូកម្មវិធី កុំព្យូទ័រដែលមានគំនិតអាក្រក់ជាង ៤២លាន។
លោក Zhao បានបន្ថែមថា ហើយ ៥៣,១ ភាគរយនៃកម្មវិធីពីក្រៅប្រទេសត្រូវបាន តាមដានទៅកាន់សហរដ្ឋអាមេរិក។ លោក Zhao បាននិយាយដោយដកស្រង់របាយការណ៍ មុនពីគេហទំព័រក្រុមបច្ចេកទេសឆ្លើយតប បន្ទាន់បណ្តាញកុំព្យូទ័រជាតិរបស់ប្រទេសចិន។
លោក Zhao បានបន្ថែមទៀតថា សហរដ្ឋអាមេរិក មិនសូម្បីតែអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួន ចេញពីការពាក់ព័ន្ធទាក់ទងនឹង ការលួចសម្ងាត់តាមអ៊ីនធឺណិត។ លោកថា ក្នុងមួយឆ្នាំកន្លងទៅ ការិយាល័យស៊ើបអង្កេតសហព័ន្ធ បានធ្វើការស្រាវជ្រាវចំនួន ៣,៤លាន លើទិន្នន័យឌីជីថល របស់សហរដ្ឋអាមេរិកនេះ បើតាមរបាយការណ៍ របស់នាយកដ្ឋានស៊ើបអង្កេតជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា