ព័ត៌មានអន្តរជាតិ

អតិផរណា នៅក្នុងប្រទេសអ៊ីតាលី កើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល ៣៦ឆ្នាំ ចំពេលមានការកើនឡើងថ្លៃថាមពល

រ៉ូម៖ វិទ្យាស្ថានស្ថិតិជាតិ (ISTAT) របស់ប្រទេសអ៊ីតាលី បានរាយការណ៍ឲ្យដឹងថា តម្លៃនៅក្នុងប្រទេសអ៊ីតាលី គឺខ្ពស់ជាង ៨ភាគរយនៅក្នុងខែមិថុនាជាងឆ្នាំមុននេះ ដែលជាការកត់សម្គាល់ ការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយខែនៃតម្លៃ ក្នុងរយៈពេលជាង ៣ទសវត្សរ៍។

ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គឺខ្ពស់ជាងកាលពីខែឧសភា នៅពេលដែលតម្លៃបានកើនឡើង ៦,៨ភាគរយ ដែលជាកម្រិតមួយដែលខ្លួនវាគឺជាការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយខែចាប់តាំងពីប្រទេសអ៊ីតាលី បានទទួលយករូបិយប័ណ្ណអឺរ៉ូ ក្នុងឆ្នាំ១៩៩៩។ ប៉ុន្តែចុងក្រោយនេះ តម្លៃបានកើនឡើងច្រើននៅក្នុង  មួយខែដូចក្នុងខែមិថុនា គឺក្នុងខែមករា ឆ្នាំ១៩៨៦ នៅពេលដែលប្រទេសអ៊ីតាលី នៅតែប្រើប្រាក់លីរ៉ា ដែលលែងប្រើជារូបិយប័ណ្ណជាតិរបស់ខ្លួន។

វិទ្យាស្ថាននេះបានឲ្យដឹងថា ដោយផ្អែកលើមូលដ្ឋាន ពីមួយខែទៅមួយខែ តម្លៃនៅក្នុងខែមិថុនាគឺ ១,២ភាគរយខ្ពស់ ជាងនៅក្នុងខែឧសភា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ISTAT បានឲ្យដឹងថាតម្លៃ គឺជាជនរងគ្រោះនៃ “ភាពតានតឹងអតិផរណា ដែលរីករាលដាល” ដែលដឹកនាំដោយតម្លៃថាមពល ដែលខ្ពស់ជាង ៤៨,៧ ភាគរយនៅក្នុងខែមិថុនា ជាងឆ្នាំមុន។  នោះគឺខ្ពស់ជាងការកើនឡើង ៤២,៦ភាគរយ នៅចន្លោះខែឧសភា ឆ្នាំ២០២១ និងខែឧសភា ឆ្នាំ២០២២។

កត្តាចម្បងដែលជំរុញឱ្យតម្លៃថាមពលឡើងថ្លៃ គឺជម្លោះរុស្ស៊ី-អ៊ុយក្រែន។ តម្លៃថាមពលខ្ពស់ក៏បានជំរុញ ឱ្យតម្លៃអាហារកែច្នៃ (ខ្ពស់ជាង ៨,២ភាគរយក្នុងខែមិថុនា) អាហារមិនកែច្នៃ (ខ្ពស់ជាង ៩,៦ ភាគរយ) សេវាកម្សាន្ត និងការថែទាំផ្ទាល់ខ្លួន (កើនឡើង ៥ភាគរយ) ការដឹកជញ្ជូន (ខ្ពស់ជាង ៧,២ភាគរយ) និងសេវាកម្មទូទៅ (កើនឡើង ៣,៤ ភាគរយ) ចាប់តាំងពីតំបន់ទាំងអស់នោះ ពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ថាមពល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top