គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ មានករណីផ្ទុះដ៏ខ្លាំងបានអង្រួនទីក្រុង Mykolaiv ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ខណៈដែលកាំភ្លើងធំ របស់រុស្ស៊ី បង្កើនការវាយលុក មកលើ តំបន់ភាគខាងកើត បន្ទាប់ពីមួយសប្តាហ៍ ដែលចំនួនអ្នកស្លាប់ នៃជនស៊ីវិលរងការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីបានកើនឡើង នៅក្នុងកណ្តាលទីក្រុងនេះ ។
“មានករណីផ្ទុះដ៏ខ្លាំងក្លានៅក្នុងទីក្រុង! “ លោក Oleksandr Senkevych អភិបាល ក្រុងតំបន់ Mykolaiv ដែលមានព្រំប្រទល់ជាប់កំពង់ផែ សមុទ្រខ្មៅដ៏សំខាន់ នៃក្រុង Odesa បានសរសេរ នៅលើកម្មវិធីផ្ញើសារ Telegram នៅគ្រាដែលសំឡេងស៊ីរ៉ែន វាយប្រហារតាមអាកាស បានបន្លឺឡើង ។
មូលហេតុនៃការបំផ្ទុះនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ បើទោះបីជារុស្ស៊ី ក្រោយមកបាននិយាយថា ខ្លួនបានវាយប្រហារទីបញ្ជាការ កងទ័ពក្នុងតំបន់ក៏ដោយ ។ ទីភ្នាក់ងារ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ ដោយឯករាជ្យបានទេ ។
ទីក្រុង គៀវ បានឲ្យដឹងថា ទីក្រុងម៉ូស្គូបានបង្កើន ការវាយប្រហារដោយមីស៊ីល ទៅលើទីក្រុងដែលនៅឆ្ងាយពីសមរភូមិសំខាន់ៗ នៅភាគខាងកើតរបស់ប្រទេស ហើយថា ក្រុងម៉ូស្គូមានចេតនា វាយប្រហារទីតាំងជនស៊ីវិល ។
ទន្ទឹមនឹងនេះដែរ ទាហានអ៊ុយក្រែន នៅជួរមុខភាគខាងកើត ពិពណ៌នាអំពីរបាំងកាំភ្លើងធំដ៏ខ្លាំង ដែលបានវាយលុកតំបន់លំនៅដ្ឋាន ។
រុស្ស៊ី បានអះអាងថា ខ្លួនបានកំណត់គោលដៅ លើទីតាំងយោធា និងបានបដិសេធមិនមានគោលដៅ លើជនស៊ីវិលឡើយ ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងថា “កងកម្លាំងប្រដាប់អាវុធរុស្ស៊ី មិនដំណើរការជាមួយគោលដៅស៊ីវិលទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា