ព័ត៌មានអន្តរជាតិ

សមយុទ្ធទ័ពជើងទឹកប៉ាស៊ីហ្វិក ដឹកនាំដោយអាមេរិក ចាប់ផ្តើម ចំពេលមានភាពតានតឹង កើនឡើងជាមួយចិន

តូក្យូ៖ សមយុទ្ធកងទ័ពជើងទឹក ពហុជាតិសាសន៍ដ៏ធំមួយ ដែលដឹកនាំដោយកងទ័ពជើងទឹកអាមេរិក ត្រូវបានដាក់ឱ្យដំណើរការ នៅប៉ាស៊ីហ្វិក ដោយមានប្រទេសចំនួន២៥ផ្សេងទៀតចូលរួម ចំពេលមានភាពតានតឹង រវាងសហរដ្ឋអាមេរិកនិងចិន កើនឡើង។

សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមមាន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងហ្វីលីពីន កំពុងចូលរួមក្នុងសមយុទ្ធ Rim of the Pacific ប្រចាំឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាការហ្វឹកហ្វឺន កងទ័ពជើងទឹកដ៏ធំបំផុត របស់ពិភពលោក ដែលចាប់ផ្តើមពីថ្ងៃពុធ។ នេះបើយោងតាម កងទ័ពជើងទឹកសហរដ្ឋអាមេរិក។

សមយុទ្ធ ដែលគេស្គាល់ថា RIMPAC បានចាប់ផ្តើម នៅពេលដែលចិន កំពុងរក្សាសម្ពាធយោធា លើកោះតៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង ថាជាផ្នែកនៃទឹកដីរបស់ខ្លួន ដើម្បីបង្រួបបង្រួមគ្នាឡើងវិញ ហើយកំពុងអះអាងការទាមទារ ទឹកដីរបស់ខ្លួន កាន់តែខ្លាំងនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។

សភាសហរដ្ឋអាមេរិក បានជំរុញឱ្យប្រធានាធិបតី Joe Biden អញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមសមយុទ្ធក្រោមច្បាប់អនុញ្ញាតការពារជាតិសម្រាប់ឆ្នាំសារពើពន្ធរហូតដល់ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានអនុម័តកាលពីខែធ្នូឆ្នាំមុន ប៉ុន្តែ លោក បាន បញ្ឈប់ សកម្មភាព បែប នេះ ជាក់ ស្តែង ដើម្បី ចៀសវាង ការ កើនឡើង បន្ថែម ទៀត ក្នុង ភាព តានតឹង ជាមួយ ចិន។

ប្រទេសចិន បានចូលរួមនៅក្នុង RIMPAC ក្នុងឆ្នាំ២០១៤ និង ២០១៦ ប៉ុន្តែមិនបានធ្វើដូច្នេះទេចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែអាក្រក់នៅក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាមួយនឹងជម្លោះរាប់ចាប់ពីពាណិជ្ជកម្ម និងបច្ចេកវិទ្យា រហូតដល់បញ្ហាសិទ្ធិមនុស្សនៅហុងកុង និងតំបន់ឆ្ងាយៗ។

ប្រទេសអឺរ៉ុប មួយចំនួន រួមមាន អង់គ្លេស បារាំង និង អាល្លឺម៉ង់ ក៏ស្ថិតក្នុងចំណោម អ្នកចូលរួមដែរ។ ប្រជាជាតិនានា បាននិងកំពុងបង្កើនការចូលរួមនៅក្នុង ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយចក្រភពអង់គ្លេស បានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ Elizabeth កាលពីឆ្នាំមុន ហើយប្រទេសបារាំង និងអាល្លឺម៉ង់ ក៏ដូចជាហូឡង់ ក៏បានបញ្ជូននាវាកងទ័ពជើងទឹក ទៅកាន់តំបន់ក្នុងឆ្នាំដូចគ្នាផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top