ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយគ្រោះបាក់ដី នៅឥណ្ឌា កើនដល់៣៧នាក់

GUWAHATI៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដីដ៏ធំ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់៣៧នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលក្រុមជួយសង្គ្រោះ បានស្វិតស្វាញ ជាមួយនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង ដើម្បីស្វែងរកមនុស្ស២៥នាក់ផ្សេងទៀត ដែលនៅតែបាត់ខ្លួន និងក្រោយមកទៀតសាកសព ចំនួន៣នាក់បានរកឃើញ ។

ល្បាប់ភក់ និងកម្ទេចថ្មបានជន់លិចជំរំមួយ ដែលមានកម្មករ សាងសង់ផ្លូវរថភ្លើង និងសមាជិក នៃកងទ័ពដែនដីក្នុងរដ្ឋ Manipur ដាច់ស្រយាលនៅភាគឦសាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។

ក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះ អ្នកនៅរស់ចំនួន១៨នាក់ ក្នុងរយៈពេលប៉ុន្មានម៉ោងដំបូង នៃឧប្បត្តិហេតុនេះ ។

ប៉ុន្តែលោក Angom Bobin Singh អ្នកនាំពាក្យកងទ័ព បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស២៨នាក់ នៅតែបាត់ខ្លួន មុនពេលមានសេចក្តីប្រកាសមួយ នៅពេលក្រោយថា សាកសព៣នាក់ទៀត ត្រូវបានគេយកមកវិញ ។

លោក Singh បាននិយាយថា ថ្ងៃទី៤នៃប្រតិបត្តិការស្វែងរកកំពុងបន្ត “ទោះបីជាលក្ខខណ្ឌ អាកាសធាតុមិនល្អក៏ដោយ” ដោយសារតែ “ភ្លៀងធ្លាក់ខ្លាំង និងគ្រោះបាក់ដី” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top