បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនបានបាញ់បង្ហោះកាំជ្រួចមីស៊ីល ប្រភេទ Tochka-U ចំនួន៣គ្រាប់ដែលផ្ទុក ដោយគ្រាប់បែកចង្កោម ចូលទីក្រុង Belgorod របស់ប្រទេសរុស្ស៊ី។ ក្រសួងបានបន្ថែមថា មីស៊ីលទាំងបីត្រូវបានស្ទាក់ចាប់ បាននៅកណ្តាលអាកាស ប៉ុន្តែផ្នែកនៃមីស៊ីលមួយ បានខ្ទេចទៅចំផ្ទះមួយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយថា មនុស្ស៣នាក់បានស្លាប់ និង៤នាក់ រងរបួសក្នុងយប់វាយប្រហារនោះ។ លោកបានបន្ថែមថា អគារអាផាតមិន ១១ និងផ្ទះតូចៗយ៉ាងហោច ៣៩ ខ្នងបានរងការខូចខាត។
បើតាមលោក Gladkov ដែលក្រោយមកបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៤នាក់។ លោកបានបន្ថែមថា ជនរងគ្រោះបីនាក់ជាជនជាតិអ៊ុយក្រែន និងម្នាក់ជាពលរដ្ឋរុស្ស៊ី។
សារព័ត៌មានរុស្ស៊ី Baza ក្រោយមកបានរាយការណ៍ថា សាកសព២នាក់ទៀត ត្រូវបានរកឃើញពីក្រោមគំនរបាក់បែក ដែលធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់៥នាក់ ដែលនេះមិនទាន់មានការ បញ្ជាក់ពីមន្ត្រីនៅឡើយទេ។
សូមជម្រាបថា ទីក្រុង Belgorod ស្ថិតនៅចម្ងាយប្រហែល 40 គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី – អ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									