បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទបានធ្វើការ ប្រកាសដាក់រដ្ឋក្នុងកម្រិតអាសន្ន ក្រោយពិនិត្យមើលឃើញថា តំបន់ភាគខាងជើងរបស់ ប្រទេសកំពុងទទួលរង នូវបញ្ហាអាកាសធាតុដ៏អាក្រក់ រលកកំដៅខ្លាំងព្រមទាំងគ្រោះរាំងស្ងួត យ៉ាងធ្ងន់ធ្ងរនោះផងដែរ។
ការប្រកាសអាសន្ននេះមានន័យថា នឹងអនុញ្ញាតិឲ្យរដ្ឋាភិបាល ក្នុងការបញ្ចេញលុយជំនួយគាំទ្រ រហូតទៅដល់ចុងឆ្នាំក្នុងការបន្ថែម ការគាំទ្រទៅដល់ពលរដ្ឋ និងកសិករដែលកំពុងរងគ្រោះ ដោយសយារលក្ខខណ្ឌ ប៉ះពាល់ពីអាកាសធាតុហើយ ជាពិសេសគឺផលិតផលកសិកម្ម ដែលបច្ចុប្បន្នត្រូវបានគេជឿជាក់ថា មានការថយចុះនៃការផលិត ក្នុងស្រុករហូតទៅដល់មួយភាគបី។
គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃចុងក្រោយនេះ តំបន់ខ្លះរបស់ប្រទេសអ៊ីតាលី បានកើនឡើងកំដៅរហូតដល់ អត្រាកំណត់ត្រា ៤០អង្សារ ហើយការកើនឡើងកំដៅនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយហេតុការណ៍បាក់ធ្លាក់ផ្ទាំងទឹកកក នៅភាគខាងជើងប្រទេសដែលបានបណ្តាលឲ្យ មានអ្នកបាត់បង់ជីវិតដល់ទៅ ៧នាក់ ៕
ប្រែសម្រួល៖ ស៊ុន លី