ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ៖ សំណើដំណោះស្រាយ ប្រឆាំងនឹងក្រុងតេអេរ៉ង់ របស់អាមេរិក និង E3 គ្មានការទទួលខុសត្រូវ

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានរិះគន់ថា “គ្មានការទទួលខុសត្រូវ” ចំពោះទង្វើរបស់សហរដ្ឋអាមេរិក និងក្រុមប្រទេស E3 ដែលមានប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដើម្បីស្នើ ដំណោះស្រាយ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ទៅកាន់ក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) ខណៈពេលដែល កិច្ចចរចានុយក្លេអ៊ែរ កំពុងដំណើរការ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

ធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតស្វីសថ្មីប្រចាំទីក្រុងតេអេរ៉ង់ Nadine Olivieri Lozano លោក Raisi បានឲ្យដឹងថា ទង្វើនេះក៏ “បំពានលើស្មារតីនៃការចរចា និង កិច្ចព្រមព្រៀង និងបង្ហាញពីអាកប្បកិរិយាផ្ទុយគ្នារបស់ប្រទេសទាំងបួន” នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។

លោកបានសង្កត់ធ្ងន់ថា សហរដ្ឋ អាមេរិក គួរតែសម្រេចចិត្ត បន្តការប្តេជ្ញាចិត្ត ចំពោះលក្ខខណ្ឌ នៃការចរចា និងកិច្ចព្រមព្រៀង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Raisi បានកត់សម្គាល់ថា សហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបទាំងបី កំពុងទទួលរងពីការគណនាខុសឆ្គង ចំពោះទីក្រុងតេអេរ៉ង់ ដោយសម្តែងក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសស្វីស នឹងឆ្លុះបញ្ចាំងពីការពិតរបស់អ៊ីរ៉ង់ ចំពោះរដ្ឋដទៃទៀត ដើម្បីឱ្យពួកគេដឹងថា ទោះបីជាមានអរិភាព ទាំងអស់ ក៏ដោយក៏សាធារណរដ្ឋអ៊ីស្លាម បានបន្តរីកចម្រើននិង ថាគោលនយោបាយអនុត្តរភាព មានផលប៉ះពាល់ណាស់។

កាលពីខែមិថុនា ក្រុមប្រឹក្សាភិបាល របស់ IAEA បានអនុម័តដំណោះស្រាយប្រឆាំងអ៊ីរ៉ង់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បន្ទាប់ពីរបាយការណ៍ របស់ទីភ្នាក់ងារនេះថា ទីក្រុងតេអេរ៉ង់មិនបានផ្តល់ “ការពន្យល់ដែលអាចជឿទុកចិត្តបានតាមបច្ចេកទេស” សម្រាប់ភាគល្អិតអ៊ុយរ៉ាញ៉ូមនៅកន្លែង ដែលមិនបានបញ្ជាក់ចំនួន៣។

យ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់ បានទទូចថា ប្រទេសនេះ មិនបានអនុវត្ត សកម្មភាពសម្ងាត់ ឬសកម្មភាព នុយក្លេអ៊ែរ ដែលមិនបានកត់ត្រាទុកឡើយ។ បន្ទាប់ពីការអនុម័តសេចក្តី សម្រេចរបស់ IAEA អង្គការថាមពលអាតូមិក នៃប្រទេសអ៊ីរ៉ង់ បានប្រកាសការសម្រេចចិត្ត របស់ខ្លួនក្នុងការចាត់វិធានការ មួយចំនួន រួមទាំងការបិទកាមេរ៉ាឃ្លាំមើល របស់ IAEA នៅកន្លែងរបស់ខ្លួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top