ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង រុះរើគណៈរដ្ឋមន្រ្តី ហើយមន្រ្តីមួយចំនួន ត្រូវបានផ្លាស់ប្ដូរតំណែង

ប៉ារីស ៖ ការិយាល័យប្រធានាធិបតី Elysee បានប្រកាសថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានរុះរើរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃចន្ទជាលើកទីពីរ ក្នុងរយៈពេល ៦សប្តាហ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីបីរូបបានបាត់បង់អាសនៈ ក្នុងការបោះឆ្នោតនីតិកាលខែមិថុនា ហើយឥឡូវនេះត្រូវបានជំនួស ។ ពួកគេគឺ Brigitte Bourguignon , Justine Benin និង Amelie de Montchalin ។ អតីតរដ្ឋមន្ត្រី នៃដែនដីក្រៅប្រទេស Yael Braun-Pivet ក៏បានបោះបង់តួនាទីរបស់លោកស្រី ហើយលោកស្រីត្រូវបានតែងតាំង ជាប្រធានរដ្ឋសភា ។

ក្រសួងរបស់ Braun-Pivet នឹងត្រូវគ្រប់គ្រងដោយ Gerald Darmanin ដែលបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។

លោក Damien Abad រដ្ឋមន្ត្រី ក្រសួងសាមគ្គីភាព និងសង្គមមុន ដែលរងការចោទ ប្រកាន់ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រូវ បានជំនួស ដោយ ប្រធានកាកបាទក្រហមបារាំងមុន គឺ លោក Jean-Christophe Combe។

រដ្ឋាភិបាលថ្មី មានសមាជិក ចំនួន៤១ រូបមាន១៦ ក្រសួង ប្រតិភូ រដ្ឋមន្ត្រី ១៥ នាក់ និង រដ្ឋលេខាធិការ ១០ រូប។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី Elisabeth Borne ដែលត្រូវបានតែងតាំង ដោយលោក ម៉ាក្រុង នៅថ្ងៃទី១៦ ខែឧសភា ត្រូវបានគេរំពឹងថានឹងបង្ហាញកម្មវិធី របស់រដ្ឋាភិបាលថ្មី នៅក្នុងរដ្ឋសភានៅថ្ងៃទី០៦ ខែកក្កដា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top